ឧកញ៉ា អ៊ុក ដារ៉ា ថា ឧកញ៉ា ម៉ុង ឫទ្ធី យកខ្សាច់សេរ៉ាម៉ិកទៅលក់ ក្រោមលេសអភិវឌ្ឍន៍, ឧកញ៉ា ម៉ុង ឫទ្ធី ហៅឧកញ៉ាអ៊ុក ដារ៉ា ថា បិសាចនោមឆេះ (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក​រៀងៗខ្លួន ឧកញ៉ាពីររូបបាន​បញ្ចេញទស្សនៈរៀងៗខ្លួនជាមួយនឹងការវាយ​ប្រហារគ្នាទៅវិញទៅមក ។ ទោះបីជា មានងារជាឧកញ៉ាបែបណាក៏ដោយ ប៉ុន្តែពាក្យពេចន៍​នៅក្នុងបណ្តាញសង្គម ត្រូវបាន​អ្នកចូលអានមួយចំនួន បញ្ចេញយោបល់ថា ពួកគាត់​មានការចេះដឹង មានកម្រិត ។

ឧកញ៉ាអ៊ុក ដារ៉ា បានសរសេរដោយភ្ជាប់ជាមួយរូបភាពវីដេអូ ដែលឧកញ៉ាបាន​បង្ហោះភ្ជាប់ជាមួយ ។ គាត់បានសរសេរថា «នេះស្ថានភាពពិតៗ ដែលក្រុមហ៊ុន ម៉ុង ឫទ្ធី បានយកខ្សាច់រួចទៅហើយ នៅជាប់មាត់សមុទ្រតែម្តង, មើល តើនេះជាការពិតយកខ្សាច់ចេញហើយប្រើពាក្យថា អភិវឌ្ឍន៍? បុណ្យសមុទ្រទើបនឹងចប់ដោយជោគជ័យ តែហេតុអ្វី​បានជាសេដ្ឋីម៉ុង ឫទ្ធី ប្រព្រឹត្តមិនមានការអៀនខ្មាស់ ចង់មាន​អីម្ល៉េះ លោកប្រើពាក្យជួយអ្នកក្រ, សារជាតិគាត់ដើរចោទថា គេគំរាមកំហែងប្រជាជនក្រក្រីតូចតាច, យកភស្តុតាងមកបញ្ជាក់មិនខ្លាចទេ ដល់កហើយ» ។

លោកស្រីឧកញ៉ា អ៊ុក ដារ៉ា បានបន្តថា «វីដេអូមាននៅនឹងដៃ ឯកសារមានជាក់ស្តែង លោកម៉ុង ឫទ្ធីចោទថា​ គេអែបអប, ភ្លើទេដឹង? មុខមហាជន អ្នកមុខ អ្នកការ សុំទិញដីខ្ញុំ ខ្ញុំថាមានប៉ុណ្ណឹង ទុកនាំកូនចៅមកលេង លោកហ៊ាន​ប្រើពាក្យថា បើមិនលក់ ប្រយ័ត្នស្លាប់ គ្មានបានចាយលុយ មើលងាយគេម្ល៉េះ» ។

ឧកញ៉ាអ៊ុក ដារ៉ា បានបញ្ជាក់ថា លោកស្រីមានសំឡេង ដែលឧកញ៉ាម៉ុង ឫទ្ធី​បាននិយាយ ។ លោកស្រីឧកញ៉ាបានសរសេរថា «មើលងាយគេម្ល៉េះ សំឡេងថតបានណាលោក, ទាហានដូចខ្ញុំ ការពារដី​ខ្លួនឯងមិនបានត្រឹម៤ហិកតា គិតយ៉ាងណា?…»។

ឧកញ៉ាម៉ុង ឫទី្ធ ឯណោះ​វិញ​បានតប​នៅលើហ្វេសប៊ុករបស់ខ្លួន ដោយបានសរសេរថា

«បិសាចនោមឆេះនេះកំពង់តែមកដើតួជំនួសបក្សប្រឆាំង និងមាតាធម្មជាតិហើយ សំណួរសួរថាតើផ្លូវចូលចម្ងាយ40គីឡូម៉ែត្រនិងលូស្ពានជាច្រើននេះតើអ្នកណាជាអ្នកចេញថវិកាសាងសង់ ។ រូបគាត់ក៏ដូចជាអ្នកផ្សេងទៀតដែលបានជួយចេញលុយខ្លះដែរ ឬអត់ទេ ទីតាំងដែលគាត់កំពុងតែមករករឿងនេះ នៅខាងលិចផ្លូវហ៊ុនសែនថ្មរៀង។ តើហេតុអ្វីបានជាខ្ញុំរៀបចំឈូសឆាយទីតាំងដីនេះបួនឆ្នាំកន្លងទៅហើយ ហេតុអ្វីទើបតែពេលនេះ អស់មានបក្សប្រឆាំង និងមាតាធម្មជាតិ បានគាត់មករករឿង គាត់កំពុងតែប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលហើយ តើហេតុអ្វីបានជាខ្ញុំនិយាយយ៉ាងដូច្នេះ គឺដោយសារតែរាល់ការងារទាំងអស់ សុទ្ធតែមានច្បាប់អនុញ្ញាត ពីរាជរដ្ឋាភិបាលទាំងអស់សរុបទាំងការនាំចេញខ្សាច់ ដែលបានបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវផងដែរ» ។

លោកឧកញ៉ាបានសរសរបន្តថា « ខ្ញុំសុំឲ្យប្រិយមិត្ត Facebook ទាំងអស់មេត្តាជួយពិចារណាផងចុះថា តើតាំងពីខ្ញុំបានចូលមកអភិវឌ្ឍន៍ តំបន់នេះ អស់រយៈពេល២៣ឆ្នាំ កន្លងផុតទៅហើយ ព្រមទាំងបានសាងសង់ផ្ទះផ្តល់ការងារជូនប្រជាជន ដោយផ្ទាល់ និងដោយប្រយោលប្រមាណជាជាងពីរម៉ឺននាក់ តើដែលមានមន្ត្រីរាជការ បុគ្គលិក កម្មករប្រជាជនណានាំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ា ឬក៏បង្ហោះFacebook ដូច្នេះដែរឬអត់ទេ» ។

ជាចុងក្រោយ លោកឧកញ៉ាម៉ុង ឫទ្ធី បានសុំសំណូមពរដល់ក្រុមពិធីការសម្តេច សុំមេត្តាឈប់ឲ្យបិសាចនោម​ឆេះនេះ ចូលក្រុមជាមួយទៀតទៅ ខូចកេរ្តិ៍ឈ្មោះដ៏ល្អផូរផង់របស់ក្រុមយើងអស់ហើយ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print