ម៉ូតូកង់បីរេចង្កូតបុករថយន្ដបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ ម៉ូតូកង់បីមួយគ្រឿងបើកមិនប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកមម៉ូតូកង់បីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ   គ្រី ស្រ៊ុន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1HH-2147 មានអ្នករួមដំណើរជាមួយ២នាក់ ទី១-ឈ្មោះ នួន សុខន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិពោមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(រងរបួសធ្ងន់) និងទី២-ពុំស្គាល់ឈ្មោះ និងពុំស្គាល់អាសយ័ដ្ឋាន (រងរបួសធ្ងន់) ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ  ភ្នំពេញ3A-9940 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូកង់បីខាងលើ បើកបរតាមបណ្ដោយផ្លូវជាតិ លេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូកង់បីបានរេចង្កូទៅឆ្វេង ចូលក្នុងគន្លងផ្លូវដែលជាស្ដាំរបស់យានយន្ដបើកច្រាស់ទិសគ្នា បានបុកជាមួយរថយន្ដម៉ាកហ៊ីយ៉ាន់ដាយពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូកង់បីស្លាប់ភ្លាមនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរ២នាក់ទទួលរងរបួសធ្ងន់ ។ ចំណែកឯអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញចរាចរណ៍ស្រុក បានមកធ្វើការអន្ដរាគមន៍ កន្លែងកើតហេតុ ហៅរថយន្ដសាមុយដឹកបញ្ជូនជនរងគ្រោះរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ រីឯសាកសពជនរងគ្រោះត្រូវបាននគរបាលប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ចំពោះមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលជំនាញធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print