ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយពេញហាងស៊ុបFamily BBQ មួយកន្លែង បន្ទាប់ពីស្ត្រីជាប្រពន្ធនិងប្ដីដែលជាជនជាតិចិននិងកូន២នាក់ ព្រមទាំងស្ត្រីម្នាក់ទៀតជាម្ដាយ បានចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ដែលគេអះអាងថាជាប្ដីដើមបានជិះម៉ូតូរត់ចូលមកធ្វើសកម្មភាពចាក់ទាំងក្រុមគ្រួសារ បណ្តាលឲ្យប្ដីស្លាប់និងស្ត្រីជាប្រពន្ធព្រមទាំងម្ដាយក្មេករងរបួសធ្ងន់ផងដែរ ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានបង្កឡើងកាលពីវេលាម៉ោង០៧:២០នាទីយប់ ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមមន្ត្រីអាវុធហត្ថខណ្ឌចំការមន បានបង្ហើបឲ្យដឹងថា បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហើយ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សីុ ចំណែកប្រពន្ធក្រោយ និងម្ដាយក្មេករងរបួសធ្ងន់កំពុងសម្រាក់នៅឯមន្ទីពេទ្យ ។
លោក ហៀង ណារ៉េត អធិការរងនគរបាលខណ្ឌចំការមន បានប្រាប់ឲ្យដឹងដែរថា បុរសដៃដល់ដែលធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ខាងលើនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណីអ្វីនោះទេ ព្រោះកម្លាំងលោកកំពុងធ្វើការស្រាវជ្រាមួយជំហានសិន។
តែបើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាងប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ(ជាប្រពន្ធ)និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀតជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយ ទើបនាំគ្នាហៅស៊ុបញាំជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿង ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សាកសួររកថា អញ្ជើញពិសារអ្វីដែរ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសម្ដៅទៅរកបុរសជនជាតិចិនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ ចាក់ទៅលើជនជាតិចិននោះ ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ ចាក់ជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់ដែរ ។
ក្រោយពីធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ខាងលើបណ្ដាលឲ្យរងរបួសធ្ងន់ហើយ ជនដៃដល់បានដើរចេញពីហាងខាងលើ ទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះមានភ្ញៀវនិងបុគ្គលិកក្នុងហាង បានរត់ចេញមកជួយចាប់ដែរ តែដោយសារតែឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ ទើបមិនមានអ្នកណាហ៊ានចូលទៅឃាត់និងចាប់ឡើយ ទើបបានបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។
បន្ទាប់មកស្ត្រីជាប្រពន្ធនិងស្ត្រីជាម្ដាយដែលរងរបួសត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនទំនើបភ្លាមៗ ចំណែកបុរសជនជាតិចិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្សី ហើយស្លាប់ក្នុងមន្ទីពេទ្យ ។
ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងអាវុធហត្ថខណ្ឌចំការមន និងកម្លាំងនគរបាលខណ្ឌចំការមន ចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងសើបអង្កេតតាមជំនាញរៀងៗខ្លួនដើម្បីតាមចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចតម្កល់នៅក្នុងសាលតម្កល់សព ពេទ្យរុស្សុី រង់ចាំចាត់ចែងតាមក្រោយ ៕ ភារ៉ា ដង្កោ