ខេត្ដបន្ទាយមានជ័យ៖ យុវជន២នាក់ ពីនាក់ត្រូវក្រុមក្មេងស្ទាវកាប់បណ្ដាលឱ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៩និង១០ នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅ ចំណុចខាងលិចខ្លោងទ្វារវត្ដភ្នំជញ្ជាំង ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ដ បន្ទាយមានជ័យ។
លោក ឱ បូរិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថខេត្ដបន្ទាយមានជ័យបាន ប្រាប់ឱ្យដឹងថា នៅវេលាម៉ោង២១និង ១០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ មាន ករណីហិង្សាដោយចេតនា(មានស្ថាន ទម្ងន់ទោស)មួយកើតឡើងនៅខាងលិចខ្លោងទ្វារវត្ដភ្នំជញ្ជាំងចម្ងាយ៥០ម៉ែត្រស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុង សិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ។ ករណីនេះបង្កដោយជនសង្ស័យមានគ្នា៤ទៅ៥នាក់ប្រដាប់ដោយកាំបិតសាមូរ៉ៃ ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពដេញកាប់ទៅលើយុវជនមួយក្រុមទៀតបណ្ដាលឱ្យរងរបួសធ្ងន់យុវជន២នាក់។
លោកបន្ដថា យុវជនដែលរងរបួស ទី១-ឈ្មោះ លី វិចិត្រ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវត្រង់ក្បាលរបួសធ្ងន់ និងទី ២-ឈ្មោះ ភិន លាន ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវត្រង់ក្រោមភ្នែកខាងស្ដាំធ្ងន់ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុង សិរិសោភ័ណ ខេត្ដបន្ទាយមានជ័យ។ បន្ទាប់ពីធ្វើសកម្មភាពក្រុមក្មេងស្ទាវ ទាំងនេះបានជិះម៉ូតូគេចខ្លួនបាត់អស់។ ចំណែកយុវជនរងគ្រោះទាំង២នាក់ ស្ថិត ក្រោមការជួយអន្ដរាគមន៍ពីសមត្ថកិច្ច។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យមួយនៅស្រុកមង្គល បុរី។ រីឯជនសង្ស័យសមត្ថកិច្ចកំពុងបន្ដ ស្រាវជ្រាវតាមចាប់យកមកដាក់ទោសទៅតាមច្បាប់ ៕
ដោយ៖ វណ្ណា