ភ្នំពេញ ៖ សម្តេចបានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកដែលមានខ្លឹមថាដូច្នេះថា កម្ពុជាអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ ។ សម្តេចថា វិមានឈ្នះ=ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។
សម្តេចបានបញ្ជាក់ថា វិមានឈ្នះ=ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
សម្តេចក៏បានអំពាវនាវ ដល់បងប្អូនជនរួមជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ=ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មី នៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់។
វិមានឈ្នះ ឈ្នះ គឺតំណាងអោយកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍ ៕