ខេត្តកណ្តាល ៖ ប្រភពច្បាស់ការបានលួចបង្ហើបថា វាសនា តៃកុងរថយន្តដឹកថ្មស្លាកលេខខេមរះភូមិន្ទបើកបុក ម៉ូតូសណ្ដោងរឺុម៉កបណ្តាលអោយមនុស្សបីនាក់រងរបួសធ្ងន់ ប្រហែលអាចរួចពីសំណាញ់ច្បាប់ ខណះដែលកំពុងមានអ្នករត់ការអោយនៅក្រៅឃុំ សាច់ញាត្តិជនរងគ្រោះកំពុងព្រួយបារម្មណ៍មិនទាន់បានសំណងនៅឡើយ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៥ និង៥០នាទី ត្រង់ចំំណុចស្តុបព្រែកហូរ ផ្លូវ១១៥កែងផ្លូវជាតិលេខ២ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល
ជនរងគ្រោះទី០១មានឈ្មោះយែម ចន ភេទស្រី អាយុ៣៩ឆ្នាំភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ ទី០២ឈ្មោះប៉ែន រ៉េត ភេទស្រី អាយុ៤៣ ភូមិអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង និងទី០៣ឈ្មោះ ពុំ សុជាតិ ភេទប្រុស អាយុ២៩ ឆ្នាំភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ រីឯជនបង្ករឈ្មោះ ហ្គូ វ៉ាន់ដា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសំបួរ ឃុំជើងពស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)
លោកឧត្តមសេនីយ៍ត្រី វ៉ែន សាវឹន ស្នងការរងទទួលផែនចរចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា តៃកុងរថយន្តនិងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅរសៀលនេះ
បើតាមរបាយការណ៍របស់នគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្ករដោយរថយន្តមួយគ្រឿងម៉ាក Nissan ពណ៌ត្រេអុី ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ០២-៧៦៤៩ បើកបរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកនិងម៉ូតូសណ្តោងរុឺម៉ក.មួយគ្រឿងម៉ាក. SAYAN ពណ៍ស គ្មានស្លាកលេខ បណ្តាលអោយមនុស្សបីនាក់ផ្លោងខ្ទាតទៅនិងថ្នល់ រងរបួសធ្ងន់ទាំងបីនាក់ ភ្លាមនោះអ្នកទាំងបីត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី។
សមត្ថកិច្ចបញ្ចាក់ថាមូលហេតុមកពីអ្នកបើកបររថយន្តម៉ាកNissanពណ៌ត្រេអុី ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ០២-៧៦៤៩មិនគោរពភ្លើងសញ្ញា(ស្តុប)៕ ឆ ដា