ស្លាប់ និងរបួសធ្ងន់៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់​ ៖ យ៉ាងហោច​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាហោចអាធម័​នៅនឹង​កន្លែង និងបុរសស្រ្តីចំនួន ៤នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា រវាង​អ្នកជិះម៉ូតូ​បុកជាមួយម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើ ។​
 យោង​តាម​របាយការណ៍​នគរបាល​ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឃើញថា នៅវេលា​ម៉ោង​១ និង២៥នាទី រសៀលថ្ងៃសុក្រ ១៣រោច ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ​២០១៩ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុង​ភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយបុរសម្នាក់ឈ្មោះ នាង ចំនិត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ។ បច្ចុប្បន្ន រស់នៅ​ភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរ​ដោយម៉ូតូ ១គ្រឿង​ម៉ាក ​វេវអាលហ្វា ពណ៏ខ្មៅ  ពាក់ស្លាកលេខ ពោធិសាត់ 1D 0021 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច(បញ្រ្ចាស់) បានបុក ២នាក់​ប្តីប្រពន្ធ​ដែលកំពុង​ធ្វើដំណើរ​រួម​គ្នា​ដោយម៉ូតូ ១គ្រឿង​ម៉ាក វេវអាលហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1I 4675 បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​អ្នកបើកបរ​ទាំងសងខាង ចំណែក​អ្នករួម​ដំណើរ​រងរបួស​ស្រាល​ មូលហេតុ​បើកបរ​មិនប្រកាន់ស្ដាំ​។​
 របាយការណ៍​​ខាងលើ​បន្ត​ថា លុះនៅវេលាម៉ោង៧ និង៣៤នាទីយប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុង​ភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ផងដែរ ដោយបុរស ២នាក់​ធ្វើដំណើរ​រួម​គ្នា​ដោយម៉ូតូ ១គ្រឿង​ម៉ាក វេវអាលហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅស្របគ្នា(លិចកើត) លុះមកដល់ចំណុចកើតហេតុជ្រុលបុកគោយន្តកន្រ្តៃដឹកឈើពីក្រោយពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឆេន ឆាយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ.ឃុំកើតហេតុ​(ស្លាប់) និងអ្នករួមដំណើរឈ្មោះ ខៃ ណុល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(ធ្ងន់) ចំណែក​ភាគី​ម្ខាង​(គោយន្ត)រត់គេចបាត់ មូលហេតុ​ភាគី​ខាង​ម៉ូតូ​គ្មាន​ភ្លើងចង្គៀងមើលផ្លូវ គោយន្តដឹកឈើ(មានភ្លើងក្រោយ)។​
ក្នុងរបាយការណ៍ដដែលបន្តទៀតថា ជនរងគ្រោះ​(ស្លាប់)​បាន​ធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិ ចំណែក​ជនរងរបួសបានចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក​៖ វត្ថុ​តាង​ម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាជាក្រោយ៕ បឹុម ពិន​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print