មានលក្ខណៈសំខាន់បែបណា ទើបសមត្ថកិច្ចមិនបង្ក្រាបទីតាំងដេប៉ូឈើរបស់លោក ស៊ាម គឹមទឹម ឬខ្លាចមេសឹករងខេត្តក្រចេះនៅពីក្រោយ 

ចែករំលែក៖

ខេត្តក្រចេះ ៖ ប្រភពព័ត៌មានពីក្រុមសកម្មជនការពារព្រៃឈើបានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យទី៣០ ខែធ្នូ ឆ្នាំ២០១៨ ពួកគាត់ប្រទះឃើញឃ្លាំងស្តុកឈើ ប្រភេទលេខ២នៅចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

ពួកគាត់បន្តថា បានថតយករូបភាពដែលបង្ហាញពីគំនរឈើជាច្រើនរាប់សិបម៉ែត្រ គីប ក្នុងនោះមានទាំងរថយន្ដប្រភេទសាំងយ៉ុងកែច្នៃចំនួនជាង១០ គ្រឿង បានរៀបឈើដាក់លើរថយន្ដ និង ត្រៀមធ្វើការដឹកជញ្ជូនចេញនៅពេលយប់ឆ្ពោះទៅបណ្ដាខេត្តនានាដូចជា ៖ ខេត្តក្រចេះ ,ខេត្តត្បូងឃ្មុំ , ខេត្តព្រៃ វែង និងខេត្តនានា ៘

តាមការអះអាងពីពួកគាត់បានបង្ហាញអត្តសញ្ញាណម្ចាស់គ្រប់គ្រងទីតាំងខាងលើគឺឈ្មោះ ស៊ាម គឹមទឹម ជា ទាហានសឹករងនៅខេត្តក្រចេះនេះតែម្តង ។

ដោយឡែកអ្នកស្រុកសំបូរជាច្រើននាក់បានលើកឡើងថា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះលោក ស៊ាម គឹមទឹម ដែលជាទាហានសឹករងខេត្តក្រចេះរូបនេះ តែងតែយកតួនាទី និងអំណាចយោធារបស់ខ្លួន និងមានមេវរៈ០១ ជា ពិសេសមេសឹករងខេត្ត នៅពីក្រោយផងនោះ ទើបលោក ទឹម ទៅដើររកស៊ីទិញឈើ និងដឹកជញ្ជូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យ ដោយគ្មានច្បាប់គ្មានទម្លាប់បំផ្លាញ ព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ការប្រព្រឹត្តអំពើល្មើសច្បាប់ទាំងអស់នេះយ៉ាងរលូនដូច្នេះ ដោយ សារតែមានការឃុបឃិតបើកភ្លៀងខៀវពីមន្រ្តីជំនាញយកទៅធ្វើមាន ធ្វើបាន តាមរយៈការហែក ចែកផលប្រយោជន៍គ្នា ជាពិសេស មានលោក ណៃ តឹងឡឹង មេសឹករងខេត្តនៅពីក្រោយចាំទទួលប្រយោជន៍ ទើបសកម្មភាពចរាចរណ៍ និងស្តុកឈើក្នុងទីតាំងខាងលើបានជាដំណើរការបានរលូនបែបនេះ ។

ក្រុមប្រជាពលរដ្ឋទូទាំងខេត្តក្រចេះបានបង្ហាញពីចំណាប់អារម្មណ៍ថា ការបង្ក្រាបបើពឹងទៅលើជំនាញខេត្តនេះ ដដែលមិនអាចទៅរួចទេ ព្រោះជាឆ្នាំងបាយរបស់ពួកគាត់ ។ ដូច្នេះមានតែលោក សៅ សុខា មេបញ្ជាការរាជ អាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសសម្តេចក្រឡាហោម ស ខេង មេត្តាចាត់វិធានការណ៍ ចុះបង្ក្រាបទីតាំង ឃ្លាំងស្តុកឈើ ឥតច្បាប់ដ៏អនាធិបតេយ្យ របស់មេឈ្មួញជើងខ្លាំង ប្រចាំខេត្តក្រចេះរូបនេះ ទើបអាចអនុវត្តបានលទ្ធផលល្អ តែបើនៅតែបណ្ដែត បណ្ដោយអំពើល្មើសច្បាប់នេះកើតមានតទៅទៀត ព្រៃឈើនៅក្នុងខេត្តក្រចេះច្បាស់ជារងនូវការរលាយហិនហោចអស់ ៕ ដោយ ៖ ជាយក្រុង+សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print