លែងលះគ្នាជាងមួយខែត្រឡប់មកវិញយកកាំភ្លើងភ្ជង់គម្រាមប្រពន្ធត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ត្រូវនគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន បន្ទាប់ជនសង្ស័យខាងលើ យកកាំភ្លើងខ្លីភ្ជង់គម្រាមទៅលើស្រ្ដីជាប្រពន្ធក្រោយពីបុរសសង្ស័យនិងស្រ្ដីរងគ្រោះបានលែងលះជាមួយគ្នាអស់រយៈពេលជាងមួយខែមកហើយ ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនមានឈ្មោះ  ឆាយ សាលាភ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកឯស្រ្ដីរងគ្រោះឈ្មោះ នួន ដានី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះមានទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ កាំភ្លើងខ្លី ចំនួន១ដើម មិនស្គាល់ម៉ាក គ្មានលេខ បង់ចំនួន១ មានគ្រាប់ចំនួន៤គ្រាប់ ,រថយន្ត ចំនួន ១គ្រឿង ម៉ាកតូយូតា ព្រីស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX – 4029 និងកូនសោររថយន្ដចំនួន១ ។

ប្រភពដដែលបន្ដថា ជនសង្ស័យនិងស្រ្ដីរងគ្រោះកន្លងមកជាប្ដីប្រពន្ធនឹងគ្នា រហូតមកដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ការរស់នៅមិនចុះសម្រុងនឹងគ្នា ជនសង្ស័យនិងស្រ្ដីរងគ្រោះ បានព្រមព្រៀងធ្វើកិច្ចសន្យាលែងលះគ្នា នៅសាលាឃុំរកាខ្ពស់ ដោយរស់នៅបែកគ្នារហូតមកដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣៥នាទី ជនសង្ស័យបានជិះរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រីស ពណ៍ទឹកប្រាក់ មកពីភ្នំពេញ ឆ្ពោះមកផ្ទះស្រ្ដីរងគ្រោះស្ថិតក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខណៈមកដល់ជនសង្ស័យបានសួរទៅស្រ្ដីរងគ្រោះអំពីឯកសារប្លង់ផ្ទះមួយកន្លែងដែលស្ថិតនៅបុរីចំការដូង រាជធានីភ្នំពេញ ដើម្បីធ្វើការដាក់លក់ នៅការិយាល័យបុរីចំការដូង តែស្រ្ដីរងគ្រោះពុំឯកភាពក្នុងការលក់ ជាហេតុធ្វើឲ្យជនសង្ស័យខឹងក៏យកកាំភ្លើងខ្លីរបស់ខ្លួនមកអាមេបញ្ចូលគ្រាប់ភ្ជង់គម្រាមស្រ្ដីរងគ្រោះ រួចចាប់គ្រៀក ដើម្បីឲ្យចូលក្នុងរថយន្តរបស់ខ្លួន ទន្ទឹមនឹងនោះក៏មានប្រជាពលរដ្ឋជិតខាងជាច្រើននាក់បានឃាត់រថយន្ត ហើយដណ្តើមបានកាំភ្លើងខ្លីពីជនសង្ស័យ និងជួយស្រ្ដីរងគ្រោះចេញពីរថយន្តមកវិញ រីឯជនសង្ស័យបានរតគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលប៉ុស្ដិ៍រដ្ឋបាលរកាខ្ពស់ បានសហការជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ឆាយ សាលាភ បានសារភាពថា កាំភ្លើងខ្លីខាងលើនេះ ខ្លួនបានទិញពីឈ្មោះ រាក់ ភេទប្រុស អាយុ១៤ឆ្នាំ តម្លៃ៣០ដុល្លារសហរដ្ឋអាមេរិក នៅចំណុចវាលខ្សាច់ចាក់អង្រែលើ កាលពីឆ្នាំ២០១៦ ដើម្បីទុកនៅផ្ទះ ហើយខ្លួនបានយកកាំភ្លើងខ្លីមួយដើមនេះមកភ្ជង់គម្រាមស្រ្ដីរងគ្រោះប្រាកដមែន រីឯចំពោះគ្រឿងញៀនវិញ ខ្លួនបានប្រើប្រាស់អស់រយៈពេលជាង៦ខែមកហើយ ។

ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យខាងលើត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print