ភ្នំពេញ ៖ ដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់របស់តារាកំប្លែង នាយ សាន ម៉ៅ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះគេមានការភ្ញាក់ផ្អើលពាក់ព័ន្ធតម្លៃរថយន្តដែលដឹក នាយ សានម៉ៅ ពីភ្នំពេញ ទៅព្រំដែនថៃដែលមានតម្លៃថ្លៃនោះ ទើបធ្វើឲ្យប្រធានសមាគមសិល្បករខ្មែរ ចេញមុខបកស្រាយបញ្ជាក់។
តារាកំប្លែង នាយ សានម៉ៅ បានធ្លាក់ខ្លួនឈឺចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែដោយអាការៈហាក់មិនបានស្រាន្តស្រាកនោះ ក្រុមគ្រួសារក៏បានសម្រេចបញ្ជូនទៅព្យាបាលបន្តនៅប្រទេសថៃ ក្រោមជំនួយសង្រ្គោះរបស់សម្តេចទាំងពីរ។ ជាមួយគ្នានេះទាក់ទិននឹងថ្លៃចំណាយផងនោះក៏ត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ ធ្លាប់បានបង្ហាញម្តងរួចហើយ ប៉ុន្តែមានការភ័ន្តច្រឡំខ្លះពាក់ព័ន្ធតម្លៃរថយន្តដែលដឹក នាយ សានម៉ៅ ពីភ្នំពេញ ទៅព្រំដែនថៃ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការបង្ហាញជាថ្មីក្នុងតម្លៃជាក់លាក់លើគណនីហ្វេសប៊ុកថា «ដោយមានការភ័ន្តច្រឡំពីតំលៃនៃការចំណាយផ្សេងៗដោយបូកសរុបជាមួយថ្លៃរថយន្តសាមុយទើបធ្វើអោយក្រុមគ្រួសាររបស់គាត់មានការភ័ន្តច្រឡំរឿងតំលៃរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ។ ការពិតថ្លៃរថយន្តសាមុយគឺត្រឹមតែ ៣៦១ដុល្លារទេ មិនមែន ៣ពាន់ដុល្លារ នោះទេ ។
ការព្យាបាលរបស់លោកពូនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល២១ ថ្ងៃនៅមន្ទីរពេទ្យកាល់ម៉ែត្រគឺចំនួន៤៩០៦ ដុល្លារអាមេរិក ហើយថ្លៃរថយន្តសាមុយគឺចំនួន៣៦១ដុល្លារអាមេរិក សរុបទាំងអស់ចំនួន ៥២៦៧ដុល្លារអាមេ រិក។ ដូច្នេះនាងខ្ញុំសូមធ្វើការផុសបកស្រាយជំនួសក្រុមគ្រួសារលោកពូ ព្រោះពេលនេះកូនរបស់លោកពូបានធ្វើដំណើរទៅប្រទេសថៃដើម្បីមើលថែជំងឺនាយសានម៉ៅផងដែរ។
គួរបញ្ជាក់ដែរថាក្រុមគ្រួសារតារាកំប្លែងលោកធូ ចំរ៉ុង ហៅ នាយ សាន ម៉ៅ បានព្យាយាមរកប្រាក់អស់ពីខ្លួនដើម្បីព្យាបាលជំងឺដ៏រ៉ាំរ៉ៃរបស់តារាកំប្លែងនាយសានម៉ៅគឺជំងឺបេះដូង និងហើមសួត។ ដំណឹងចុងក្រោយបានទម្លាយថាប្រពន្ធតារាកំប្លែងរូបនេះបានសម្រេចចិត្តយកប្លង់ផ្ទះ និងរថយន្តយកទៅដាក់បញ្ចាំងដើម្បីបានប្រាក់ដឹកតារាកំប្លែងរូបនេះដែលឈឺធ្ងន់ទៅសង្គ្រោះបន្តនៅប្រទេសថៃកាលពីថ្ងៃទី០៥ខែមករាឆ្នាំ២០១៩នេះ។
ក្រោយធ្លាក់ខ្លួនឈឺធ្ងន់គេសង្កេតឃើញមានវត្តមានសិល្បករសិល្បការិនីជិតដិតមួយចំនួនបានចេញចូលសាកសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់ខ្លួនដើម្បីជួយសម្រួលបន្ទុក ប៉ុន្តែការចំណាយ អាចនឹងមានច្រើនខណៈដែលក្រុមគ្រួសារចង់បន្តក្តីសង្ឃឹមដាក់ទៅលើមន្ទីរពេទ្យនៅក្រៅប្រទេស៕ ដោយ វឌ្ឍនា