ឃាតកវ័យ១១ឆ្នាំដឹកក្មេងអាយុ២ឆ្នាំទៅទម្លាក់ទឹកសម្លាប់ចោល ព្រោះតែខឹងនឹងម្តាយក្មេងរងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​ ៖ ជនសង្ស័យម្នាក់ដែលជាឃាតកវ័យក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើការស្រាវជ្រាវ យ៉ាងល្អិតល្អន់តាមជំនាញ បន្ទាប់ពីមានករណីក្មេងប្រុសអាយុ២ឆ្នាំបានស្លាប់នៅក្នុងទឹក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថៃ្ងពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចអូរដំណាក់ទ្រព្យ ក្នុងភូមិក្តុល ឃុំក្តុលសែនជយ័ ស្រុកទឹកផុស ខេតកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ប៊ុន សុធារិទ្ធ ភេទប្រុស អាយុ១១ឆ្នាំរស់នៅភូមិដំណាក់អំពិល ឃុំក្តុលសែនជយ័ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។​ចំណែកកុមាររងគ្រោះមានឈ្មោះ រិន សារ៉ុងភេទប្រុសអាយុ០២ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។

ក្រុមគ្រួសារកុមាររងគ្រោះបានប្រាប់សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃកើតហេតុ ឪពុកក្មេងរងគ្រោះបានបាត់កូនពីផ្ទះក៏ខំដើររកតែមិនឃើញសោះ ។ រហូតដល់ថ្ងៃជ្រេបន្តិច ស្រាប់តែប្រទះឃើញ កូនប្រុសរបស់ខ្លួនបានស្លាប់នៅនៅក្នុងទឹកស្ទឹងមួយកន្លែងដែលនៅចមម្ងាយប្រមាណជាង១គីឡូម៉ែត្រពីផ្ទះ ។ ក្រោយពីឃើញដូច្នេះក៍បានរាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវទៅតាមជំនាញ ហើយបានសន្មតថា ករណីនេះមិនមែនជាករណីលង់ទឹកនោះទេ ។

បន្ទាប់ពីធ្វើការស្រាវជ្រាវបន្តជាច្រើនម៉ោងទើបឈានទៅកំណត់មុខសញ្ញាជនសង្ស័យ ឈ្មោះប៊ុន សុធារិទ្ធ ភេទប្រុស អាយុ១១ឆ្នាំ ក៏យកមកធ្វើការសាកសួរទៅតាមជំនាញ នៃនីតិវិធី ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបនសម្លាប់កុមាររងគ្រោះពិតប្រាកដមែន ។ ដោយបានប្រាប់ថា នៅពេលព្រឹករូបគេបានជិះកង់តាមមាត់ស្ទឹង ក៏ជួបនឹង កុមាររងគ្រោះឈ្មោះរិន សារ៉ុង អាយុ២ឆ្នាំ កំពុងដើរតែម្នាក់ឯង ។ ពេលឃើញដូចនេះខ្លួនបានចាប់យកកុមាររងគ្រោះទាំងស្រាតននលគក​ដាក់ក្នុងកន្រ្តកកង់ជិះទៅមុខបាត់ ។

លុះដល់ចំណុចកើតហេតុ ជនដៃដល់វ័យក្មេង បានលើកកុមាររងគ្រោះពីកន្រ្តកកង់ ដាក់នៅមាត់ស្ទឹង រួចបានរុញ​ទម្លាក់ចូលទៅក្នុងទឹកស្ទឹងអោយលង់ស្លាប់តែម្តង ។ មូលហេតុដែលរូបគេយកកុមាររងគ្រោះទៅសម្លាប់នោះដោយសាររូបគេខឹងនឹងម្តាយកុមាររងគ្រោះ ដែលបានគំរាមទះកំភ្លៀងគេកាលពី​ ២ឆ្នាំមុន ។នៅពេលនេះសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនជនស័ង្សតាមនីតិវិធី ៕ ចន្ថា

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print