ខេត្តព្រះសីហនុ ៖ គេរាយការណ៍ថា នៅចំណុចចុះចំណោតលោកយាយម៉ៅ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង អ្នកបើកបររថយន្តក្រឡុកសីម៉ង់ត៍ និងអ្នកបើកបរម៉ូតូជាមួយអ្នករួមដំណើរម្នាក់ បានដួលចូលក្រោមរថយន្ត បណ្តាលឲ្យកិនស្លាប់នៅនឹងកន្លែងកើតហេតុ ។
នគរបាលឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅផ្លូវបេតុង ចំណុចចុះពីចំណោតលោកយាយម៉ៅ ឆ្ពោះទៅទំនប់រលក ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ ។
នគរបាលចរាចរឲ្យដឹងថា រថយន្តក្រឡុកសីម៉ង់ត៍ពាក់ស្លាកលេខព្រះសីហនុ 5A-0519 (អ្នកបើកបររត់គេចខ្លួន បាត់) ។ ចំណែកម៉ូតូម៉ាកSUZUki Lets ពាក់ស្លាកលេខភ្នំពេញ 1GI- 4301 បើកបរដោយឈ្មោះ ហ៊ីង ចាន់ពន្លក ភេទប្រុស អាយុ២០ឆ្នាំ និងអ្នករួមដំណើរឈ្មោះ សុខ សុភា ភេទប្រុស អាយុ២៣ឆ្នាំ ។ អ្នកទាំង ២នាក់ ជាកម្មករសំណង់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។ អ្នកទាំងពីរស្លាប់នៅកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ