ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៥ បានបង្ហាញមុខជនសង្ស័យប្រុស-ស្រីជាគូសង្សារគ្នា ដែលបានរៀបចំគម្រោងវាយសម្លាប់យុវជនម្នាក់ប្លន់យកម៉ូតូមិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះស្លាប់នៅក្នុងព្រៃត្រែង។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគូសង្សារជាឃាតករវាយសម្លាប់មានឈ្មោះ យ៉ុន តុលា ហៅយូ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករបើកបរម៉ាស៊ីនកិនស្រូវ។
ចំណែកជនសង្ស័យដែលត្រូវបង្ហាញខ្លួនខាងលើមានឈ្មោះធឿន គីម ហៅកុក ភេទប្រុស អាយុ២២ឆ្នាំមុខរបរជាសន្តិសុខក្រុមហ៊ុន ISA មានស្រុកកំណើតនៅភូមិសាម្កាក់ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នាក់នៅក្នុងក្រុមហ៊ុនលក់រថយន្តយីហោហ្វរ លែន (For Land) និងសង្សារមានឈ្មោះអ៊ូច ស្រីរ័ត្ន ហៅស្រីរ័ត្ន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១៣ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរបំរើការនៅភោជនីដ្ឋានមនោរម្យ មានទីតាំងស្ថិតនៅកុងសង្កាត់ស្ទឹងមានជ័យ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា (ជនសង្ស័យទាំងពីរនាក់នេះបានរៀបចំគម្រោងវាយសម្លាប់ជនរងគ្រោះតាំងពី១០ថ្ងៃមុនមកម្ល៉េះ) កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ម៉ោងប្រហែល៣រសៀល ជនសង្ស័យឈ្មោះ អ៊ូច ស្រីរ័ត្ន បានទូរស័ព្ទប្រាប់សង្សារបស់ខ្លួនឈ្មោះ ធឿន គីម ថានឹងរួមគំនិតគ្នាធ្វើសកម្មភាពប្លន់ម៉ូតូជនរងគ្រោះ (ឈ្មោះយ៉ុន តុលា ហៅយូ) ដែលទើបតែស្គាល់គ្នាបានជាងកន្លះខែប៉ុណ្ណះ។ ពេលនោះជនសង្ស័យទាំងពីរនាក់ក៏បានឯកភាពគ្នា ដោយជនសង្ស័យឈ្មោះអ៊ូច ស្រីរ័ត្ន ជាអ្នកប្រើល្បិចលួងលោមឲ្យជនរងគ្រោះផឹកស៊ីស្រវឹងរួចនាំមកកន្លែងកើតហេតុ ដែលឈ្មោះធឿន គីមបានរៀបចំដំបងឈើទុកធ្វើសកម្មភាព។
របាយការណ៍បញ្ជាក់ទៀតថា នៅម៉ោង១០យប់ ថ្ងៃទី ០៣ ខែធ្នូ ២០១៥ ជនសង្ស័យឈ្មោះអ៊ូច ស្រីរ័ត្ន បានជិះម៉ូតូឌុបចេញពីផ្ទះជួលនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន មកជួបជនសង្ស័យឈ្មោះធឿន គីម ដើម្បីពិភាក្សាគ្នា រឿងគំរោងការសម្លាប់ជនរងគ្រោះ។ ក្រោយពេលពិភាក្សាគ្នារួចជនសង្ស័យឈ្មោះអ៊ូច ស្រីរ័ត្ន បានជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញ ហើយបានទូរស័ព្ទណាត់ជួបជនរងគ្រោះដើម្បីរកកន្លែងផឹកស៊ី ពេលដែលជនសង្ស័យទូរស័ព្ទមក ជនរងគ្រោះកំពុងច្រៀងខារ៉ាអូខេជាមួយមិត្តភ័ក្តិ៤នាក់ នៅឌ្រីមវើល៍ មានទីតាំងនៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា ។ ពេលនិយាយទូរស័ព្ទរួចជនរងគ្រោះក៏បានបើកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខព្រៃវែង 1G-4092 មកឌុបជនសង្ស័យឈ្មោះអ៊ូច ស្រីរ័ត្នមកជ្រៀងខារ៉ាអូខេទាំងអស់គ្នា។
លុះដល់ម៉ោង១២:៣០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី០៤ ខែធ្នូ ទើបឈប់ផឹកស៊ីច្រៀង ហើយជនសង្ស័យបានឲ្យជនរងគ្រោះដឹកដើរលេងរហូតមកដល់ក្បែរកន្លែងកើតហេតុ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់នៅកន្លែងកើតហេតុ ដែលជនសង្ស័យទាំងពីរនាក់បានរៀបចំទុកជាមុន ឈរនិយាយគ្នា ដើម្បីឲ្យជនសង្ស័យដែលបានរៀបចំដំបងឈើទុកជាស្រេចនោះ ហើយជនសង្ស័យក៏បបួលជនរងគ្រោះថាមិនចាំបាច់ទៅផ្ទះសំណាក់ដើមីរួមរ័ក្សគ្នាទេនាំតែអស់លុយ គឺជនសង្ស័យបាននាំជនរងគ្រោះចូលទៅក្នុងព្រៃត្រែងដើម្បីរួមរ័ក្សគ្នា ខណៈពេលកំពុងតែដេកអោបថើបគ្នាដោយឲ្យជនរងគ្រោះដេកពីលើ ពេលជនរងគ្រោះកំពុងដេកអោបពីលើនោះ ជនសង្ស័យឈ្មោះ ធឿន គីម ក៏បានដើរកាន់ដំបងឈើមូល ដែលបានត្រៀមទុកជាស្រេចនោះទៅវាយសំពងក្បាលជនរងគ្រោះជាច្រាំនដំបងបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុរួចក៏នាំគ្នាដើរចេញមកវិញបំណងយកម៉ូតូ ដោយរកកូនសោរម៉ូតូមិនឃើញ ភ្លាមនោះសមត្ថកិច្ចនគរបាលខណ្ឌដែលល្បាតនៅពេលយប់ឃើញមានការសង្ស័យក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់មកសាកសួរតែម្តង។នៅពេលសាកសួរជនសង្ស័យទាំងពីរនាក់បានសារភាពថាបានពិតជាបានវាយសម្លាប់ជនរងគ្រោះមែន។
បើតាមសម្តីរបស់ជនសង្ស័យឈ្មោះអ៊ូច ស្រីរ័ត្នបានឲ្យដឹងថា ខ្លួនបានស្គាល់ឈ្មោះ ធឿន គីម ជាងបីខែមកហើយ រួចស្គាល់ជនរងគ្រោះបានតែជាងកន្លះខែប៉ុណ្ណោះ ហើយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះខ្លួននឹងរៀបការជាមួយនឹងជនជាតិចិនម្នាក់ដែលមានអាយុប្រហែល៣២ឆ្នាំ ហើយជនសង្ស័យបញ្ជាក់ទៀតថា ខ្លួនជាស្ត្រីមេម៉ាយ មានកូនស្រីអាយុ២ខួបផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចដីឡូត៍មួយកន្លែងក្បែងរង្វង់មូលស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងភូមិដើគរ ផ្លូវជាតិលេខ៦ សង្កាត់-ខណ្ឌជ្រោយចង្វា នោះគឺជនសង្ស័យប្រុសស្រី២នាក់បានរៀបគម្រោងរួចស្រេច ដោយខាងប្រុសបានឲ្យខាងស្រីទាក់ម៉ូយទៅរួមរក្ស ពេលទៅដល់ចំណុចវាលស្មាច់ និងមានព្រៃត្រែងផង ក៏វាយសម្លាប់ប្លន់យកម៉ូតូតែម្ដង ៕
ដោយ៖ ជ្រោយពេជ្រ