គ្រោះអគ្គីភ័យឆេះផ្ទះស្លាប់ក្មេង ២នាក់បងប្អូនបង្កើតដ៍រន្ធត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះស្លាប់ក្មេង ២នាក់បងប្អូនបង្កើតដ៍រន្ធត់ ខណៈដែលឪពុកម្ដាយរបស់ពួកគេជាប់រវល់ នេះចាត់ទុកជាការធ្វេសប្រហ័សរបស់អាណាព្យាបាល។

ហេតុការណ៍គ្រោះអគ្គីភ័យបណ្ដាលឲ្យក្មេងប្រុសស្រីបងប្អូនបង្កើតស្លាប់ក្នុងភ្នួកភ្លើងដ៍រន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង១០នាទី រសៀលថ្ងៃអង្អារ៍ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអណ្ដូងតាជុក ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានជំវិញកន្លែងកើតបានឲ្យដឹងថា ក្មេងៗរងគ្រោះ(ស្លាប់)នៅក្នុងភ្នួកភ្លើងដ៍រន្ធត់ខាងលើ ទី១ ឈ្មោះ ឯល ម៉ាត់ ភេទប្រុស អាយុ ៧ឆ្នាំ ជនជាតិខ្មែរឥស្លាម(បង) និងទី២ជាប្អូនស្រីឈ្មោះ ឯល ម៉ៃ អាយុ ២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយឈ្មោះ ត ឯល អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម និងប្រពន្ធឈ្មោះ សី ធាង អាយុ ៣១ឆ្នាំ រស់នៅចំណុច ស្ថិតក្នុងភូមិ.សង្កាត់កើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍នេះបានកើតឡើងនៅគ្រាដែលឪពុករវល់ទៅមើលសត្វពាហនៈ(ក្របី) ចម្ងាយពីផ្ទះប្រមាណ ២ទៅ៣គីឡូម៉ែត្រ ចំណែកម្ដាយរវល់ទៅច្រូតស្បូវ កូនបងបង្អស់ក៍មិននៅផ្ទះទៀត។

ប្រភពដដែលបន្តទៀតថា ផ្ទះត្រូវបានអគ្គីភ័យឆាបឆេះមានទំហ៊ុំទទឹងប្រវែង ៣ម៉ែត្រ គុណនឹងបណ្ដោយប្រវែង ៤ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស័ង្កសី ដែលកម្ពស់ប្រមាណ ២ម៉ែត្រពីដី ឆេះអស់ទាំងស្រុង យោងចម្លើយរបស់ឪពុកម្ដាយជាម្ចាស់ផ្ទះ ករណីនេះត្រូវបានគេសន្ធិដ្ឋានអាចកូនបងអាយុ៧ឆ្នាំយកប្រេងម៉ាស៊ូត បង្កាត់ភ្លើងចង្ក្រានដើម្បីណាំទឹកស្រុះមីញាំុ បណ្ដាលឲ្យរាលឆាបឆេះធ្វើឲ្យប្អូនស្រី អាយុ ៣ឆ្នាំចេញមិនរួច ហើយក្មេងរងគ្រោះជាបងទៅជួយដោយយកភួយគ្របដណ្ណប់ទាំង ២នាក់បងប្អូន ទើបឆេះស្លាប់ទាំង ២នាក់បងប្អូនបង្កើតយ៉ាងសង្វេករន្ធត់បែបនេះ ។ ម្យ៉ាងទៀតតំបន់ដាច់ស្រយាលមិនសូវមានផ្ទះនោះទេមិនអាចជួយអន្តរាគមន៍គ្នាទាន់ ករណីនេះគេឃើញអាជ្ញាមានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធសហការ ចុះដល់កន្លែងដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវផងដែរ ប៉ុន្តែគេមិនទទួលបានអំពីលទ្ធផលនោះឡើយ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print