លោកឃួង ស្រេង ជំរុញ ឲ្យអាជ្ញាធរខណ្ឌ ពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋរស់នៅអមសងខាងដងផ្លូវរថភ្លើង ចាប់ពី​ទំនប់ទួលគោក ដល់​មហាវិថី គីម អុីលស៊ុង

ចែករំលែក៖

ភ្នំពេញ៖ អភិបាល​រាជធានីភ្នំពេញលោក ឃួង ស្រេងបានជម្រុញអោយអាជ្ញាធរខណ្ឌពន្លឿននៃការដោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅអបសងខាងដងផ្លូវរថភ្លើងចាប់ពី​ទំនប់ទួលគោក (ផ្លូវ​លេខ៧០) ដល់​មហាវិថី គីម អុីលស៊ុង អោយបានលឿន ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នានោះពោលគឺប្រជាពលរដ្ឋទទួលបានដីកម្មសិទ្ធិស្របច្បាប់ ហើយអាជ្ញាធរវិញទទួលបានផ្លូវសាធារណៈ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ ខណៈដែលនៅកណ្តាលរាជធានីភ្នំពេញបាននឹងកំពុងប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃនោះ។

ការជម្រុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង កាលពីរសៀល​​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ២០១៩ កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​ពី​ផ្លូវ​លេខ៧០ មកដល់​មហាវិថី គីម អុីលស៊ុងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌនិងមន្ត្រីជំនញពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលរាជធានីបានបញ្ជាក់ថា ដោយពិនិត្យឃើញថា​ស្ថានភាព​ចរាចរ នៅតាម​បណ្ដោយ​ផ្លូវ​លេខ៧០ មករង្វង់មូល​កួច​កាណុង និង​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិលេខ៥ ចាប់ពី​គល់ស្ពានជ្រោយចង្វារ ដល់ចំណុចស្ថានីយ៍​ទូរទស្សន៍ សុីធីអិន មាន​លំហូរ​ចរាចរ​យ៉ាងខ្លាំង​និង​តែងតែកក​ស្ទះ​ចរាចរ​ជា​រៀងរាល់​ថ្ងៃ​នោះ រដ្ឋបាល​រាជធានីភ្នំពេញបាន​អនុញ្ញាត​ឱ្យ​មន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ ចុះ​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ចាប់​ពី​ផ្លូវ​ជាតិលេខ៥ ដល់​ផ្លូវ​លេខR6 ដែលមាន​ប្រវែង ៦.២៨០​ម៉ែត្រ ដោយ​អនុវត្ត​ជាពីរជំហាន។

លោកអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ ក៏បានជម្រុញអោយអាជ្ញាធរពន្លឿនការចុះស្ថិតិប្រជាពលរដ្ឋអោយបានច្បាស់លាស់និងត្រឹមត្រូវ ដើម្បីយើងអាចដោះស្រាយបានលឿននិងទាន់ពេល ក្នុងការស្ថាបនាផ្លូវនៅតាមបណ្តោយផ្លូវរថភ្លើងនេះ។

គួរបញ្ជាក់ថា កំណាត់ផ្លូវរថភ្លើងនេះពីមុនតាមគម្រោង មានទទឹង៣០ម៉ែត្រ ប៉ុន្តែក្រោយពិភាក្សាក្នុងកិច្ចប្រជុំជាច្រើនលើក និងដើម្បីកាត់បន្ថយនៃផលប៉ះពាល់ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងនេះ អាជ្ញាធររាជធានីសម្រេចកាត់មកត្រឹមទទឹង២០ម៉ែត្រវិញ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print