កូនទាហានរងការវាយដំរបួសធ្ងន់ពីមេទាហានប្រចាំការនៅរោងចក្រខេស៊ីមែនកំពត

ចែករំលែក៖

ខេត្តកំពតៈ ផ្អើលពេញហ្វេសប៊ុក បន្ទាប់ពីគេឃើញកូនទាហានម្នាក់ក្នុងចំណោមច្រើននាក់របស់កងយោធពលខេមរ​ភូមិន្ទ​ នៃកងពលឆ័ត្រយោង៩១១ របស់លោកឧត្តមសេនីយ៍​ឯក ចាប ភក្តី ដែលទទួល​ប្រាក់​បៀវត្ស​របស់រដ្ឋ តែត្រូវបានមេយកទៅឲ្យយាមរក្សាសន្តិសុខរោងចក្រខេស៊ីមែន នៅស្រុក​ដងទង់ ខេត្តកំពត ទទួល​បានប្រាក់បៀវត្សពីឯកជនយកមកចែកគ្នាចាយមួយជាន់ទៀត រហូត​លោកមេបញ្ជា​ការពាក់​សក្តិ៤ម្នាក់ ប្រើ​ច្បាប់​សឹកច្រើនលើកវាយកំប៉េះគូថជាំឈាម​អង្គុយ​លែងកើត ។

យោងតាមលិខិតសុំធ្វើអន្តរាគមន៍របស់កូនទាហានម្នាក់ដែលអះអាងថាជារងគ្រោះបានឲ្យដឹងថា ខ្ញុំបាទ ឈ្មោះ ធី សៅ ភេទប្រុស អាយុ៣៥ឆ្នាំ សព្វថ្ងៃជាទាហានឆ័ត្រយោងចាំ​ការនៅរោង​ចក្រខេស៊ីមែន។ខ្ញុំបាទស្នើ​សុំឲ្យថ្នាក់លើជួយអន្តរាគមន៍ រឿងមេទាហាន ដែលប្រចាំការ​នៅរោងចក្រខេស៊ីមែន បំបិទសិទ្ធិ សេរីភាព ប្រើអំពើហិង្សា និងពូកែកាត់លុយកូនចៅ ។

ខ្ញុំបាទសុំរៀបរាប់ថា នៅម៉ោង១០និង៣០នាទីខែកុម្ភៈ ឆ្នាំ២០១៨ គឺលោក ឡួញ ប៊ុនឈឿរ ដែលជាទាហានឆ័ត្រយោងដែរ មាន​ឋានន្តរស័ក្តិវរសេនីយ៍ត្រី មុខងារ រងកុម្មង់ដូទី៤ អត្តលេខ​០៣៩៨៣០ សព្វថ្ងៃជាប្រធានក្រុមគ្រប់គ្រងរួម នៅក្នុងរោងចក្រខេស៊ីមែន បានប្រើប្រាស់​អំពើ​ហិង្សា ដោយយកទុយោវាយកំប៉េះគូទ បណ្ដាលឲ្យជាំខ្មៅឈឺចុកចាប់ណាស់ ។ ក្រោយមក​រំលងបាន៧ខែ នៅវេលាម៉ោង១០៖២២នាទីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ វាយម្ដងទៀត បណ្ដាលឲ្យបែកឈាម ។ វាយលើកចុងក្រោយ នៅវេលាម៉ោង៨៖៣៤នាទីព្រឹកថ្ងសទី១៣ ខែមករា ឆ្នាំ២០១៩ គឺវាយ​ដោយដៃ ប្រើកូនទាហានឲ្យទះកំផ្លៀង។​

យ៉ាងណាក្នុងករណីនេះបើតាមប្រភព​ព័ត៌មានមួយប្រាប់ថា មានកូនទាហានទាំង៤០នាក់នៅ​អង្គភាព​​ខាងលើ​ ត្រូវបានមេថ្នាក់លើចាត់បញ្ជូនឲ្យទៅយាមកាមនៅរោងចក្រខេស៊ីមែន ក្នុងស្រុក​ដងទង់ ខេត្តកំពត ដើម្បីទទួល​បានប្រាក់បៀវត្សពីឯកជនយកមកចែកគ្នាចាយ។ប៉ុន្តែ កូនទាហានទាំងនោះមិនចង់ទៅធ្វើកញ្ជះឯកជន ដែលទទួល​បានប្រាក់ខែបន្ថែម៨០ដុល្លារ ក្នុង១ខែនោះទេ ព្រោះមេគ្រប់គ្រងនៅរោងចក្រនោះ អនុវត្តន៍វិន័យតឹងរឹងណាស់​ ដូចជា បើធ្វើ​ខុសនឹងទទួលពិន័យយោធា និងបើហ៊ានឈប់សម្រាក​​១ថ្ងៃ មេកាត់លុយ២០ដុល្លារឯណោះ  ទូទាត់​ចុះឡើង ពួកគេ បានតែប្រាក់ខែរាជការ​ដដែល ក្រៅពីនេះមេស៊ីដាច់ ។

តាមរយៈការរៀបរាប់របស់កូនទាហានខាងលើនេះ ភ្នាក់ងារអង្គភាពកាសែតនគរវត្ត មិនអាច សុំការបំភ្លឺពីលោកឧត្តមសេនីយ៍ ចាប ភក្តី មេបញ្ជាការកងពលឆ័ត្រយោង៩១១ បានទេ​កាល​ពី រសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩នេះ  ៕ ដោយ ៖ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print