ខេត្តកោះកុង: បុរសម្នាក់ត្រូវ ខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈបុរសនេះកំពុងរុះរើដែកនៅជាន់ទី៣ ហើយដែកដែលកំពុងរុះរើ នោះបានធ្លាក់ទៅប៉ះនឹងខ្សែភ្លើងស្រាត ក៏បណ្តាលឲ្យឆក់តែម្តង។
ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលអង្គារ ២ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ នាម យ៉ុង ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្រ្តីនគរបាល ក្រុងខេមរភូមិន្ទ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ វិត ឆាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្ន ភូមិ.សង្កាត់កើតហេតុ។ មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានឡើងទៅរុះរើដែកនៅជាន់ទី៣ ហើយដែកដែលកំពុងរុះរើ នោះក៏ធ្លាក់ទៅប៉ះនឹងខ្សែភ្លើងស្រាត ក៏បណ្តាលឲ្យឆក់ ហើយក្រុមគ្រួសារបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែគ្រូពេទ្យប្រាបថា ជនរងគ្រោះបានស្លាប់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕