ជាថ្មីម្តងទៀត រុស្ស៊ីរងការគំរាមកំហែងវាយប្រហារគ្រាប់បែកជាទ្រង់ទ្រាយធំបំផុត បង្ខំឲ្យកម្លាំងសន្តិសុខ ត្រូវជម្លៀសសិស្សសាលាដល់ទៅ៣៣កន្លែង និង ពលរដ្ឋនៅតាមមជ្ឈមណ្ឌលផ្សាទំនើប៨កន្លែងទៅកាន់តំបន់មានសុវត្ថិភាព។
មន្ត្រីសន្តិសុខនៅទីក្រុង Vladivostok របស់រុស្ស៊ីបានឲ្យដឹងថា សាលារៀន៣៣កន្លែងរួមជាមួយមជ្ឈមណ្ឌុលពាណិជ្ជកម្មធំៗចំនួន៨កន្លែងត្រូវបានជម្លៀសមនុស្សទៅកាន់តំបន់មានសុវត្ថិភាព ក្រោយរងការគំរាមកំហែងវាយប្រហារគ្រាប់បែកនៅទីតាំងខាងលើ។
មនុស្សរាប់ពាន់នាក់ ដែលមានវត្ថមាននៅក្នុងសាលារៀនទាំង៣៣ខ្នង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម៨កន្លែង ក្នុងទីក្រុងVladivostok ស្ថិតនៅភាគខាងកើតរុស្ស៊ី ត្រូវបានជម្លៀសចេញទាំងព្រឹកថ្ងៃទី២៣ខែមករា។
មន្ត្រីក្នុងតំបន់បានប្រកាសឲ្យដឹងថា ទទួលបានការគំរាមកំហែង ពីមនុស្សមិនស្គល់អត្តសញ្ញាណជាច្រើនពីគម្រោងវាយប្រហារគ្រាប់បែកខាងលើ ។ កម្លាំងសន្តិសុខ រាប់ពាន់នាក់ កម្លាំងពន្លិតអគ្គិភ័យរួមទាំង បានបញ្ជូនទៅកាន់តំបន់ ដែលជាគោលដៅខាងលើដើម្បីរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ។
ប្រភពព័ត៌មានបានឲ្យដឹងថា លិខិតគំរាមកំហែងខាងលើបានផ្ញើរចេញពីកោះ Sicily ប្រទេសអ៊ុយក្រែន និងតួកគី ។ ក្រុមសន្តិសុខរុស្ស៊ីកំពុងតែស្រាវជ្រាវស្វែងរក អ្នកដែលផ្ញើលិខិតគំរាមកំហែងខាងលើ។
កម្លាំងសន្តិសុខ នៅទីក្រុងVladivostok បានប្រកាសអំពាវនាវដល់ពលរដ្ឋកាត់បន្ថយ ការប្រមូលផ្តុំគ្នា រហូតដល់សន្តិសុខល្អប្រសើរឡើងវិញ ។ នេះមិនមែនជាលើកទីមួយឡើយ ដេល រងការគំរាមវាយប្រហារគ្រាប់បែកនៅទីតាំងសំខាន់ ក្នុងប្រទេសរុស្ស៊ី ៕