ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរារណ៍ដ៏គួររន្ធត់មួយដោយសារម៉ូតូមួយគ្រឿងជិះគេចជង្ហុកចាប់ហ្រាំ្វងដួលខ្ទាតចូលក្រោមរថយន្ត ត្រូវរថយន្តកិនបែកក្បាល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង១០នាទី ល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបានស្គាល់ឈ្មោះ នី ប៊ុនឆែល ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជាអ្នកបើកបរម៉ូតូ។ ចំណែកអ្នករបួសធ្ងន់ ជាម្ចាស់ម៉ូតូឈ្មោះនាង រ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបិទតែមម៉ូតូ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ មានស្រុកកំណើតនៅភូមិបុស ខ្នុរ ឃុំ១០មករា ស្រុកចំការលើ ខេត្តកំពង់ចាម ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាបន្ទាប់ជនរងគ្រោះទាំង២នាក់ទើបបានចេញពី ផ្សារម៉ាតនៅម្ដុំចំណុចគល់ស្ពានជ្រោយចង្វារ ហើយមានបំណងវិលត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខកំពង់ចាម1B-3319 មួយគ្រឿង២នាក់ធ្វើដំណើរពីត្បូង ទៅជើង។ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងនីស្សាន់ឌីសែល ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3A-2852 ដឹកទំនិញពេញរថយន្ត បើកបរពីជើងទៅត្បូងបើកបរក្នុងទិស ដៅស្របគ្នានោះដែរ។ លុះដល់ចំណុចខាងលើស្រាប់តែម៉ូតូបានជិះងាកទៅខាងឆ្វេងដើម្បី គេចជង្ហុកចាប់ហ្រ្វាំងដួល ធ្លាក់អ្នកបើកចូលក្រោមកង់រថយន្តចំហៀងខាងឆ្វេងកិនបែកក្បាល ធ្លាយខួរស្លាប់ ឯអ្នករួមដំណើរជិះខាងក្រោយ រងរបួសបែកក្បាលយ៉ាងដំណំ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់បាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើត ហេតុ។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានលើកយកទៅព្យាបាលនៅគ្លីនិកឯកជនដែលនៅក្បែរកន្លែងកើតហេតុ ។ រីឯសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក ៕ ចាន់ធឿន