ភ្នំពេញ ៖ ស្នូរដូចរន្ទះមួយបានលាន់ឮឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមគ្រប់គ្នាដោយសាររថយន្តដឹកអាល់កុលមួយគ្រឿង បានបើកបុករបាំងថ្មចែកទ្រូងផ្លូវ កាលពីវេលាម៉ោង៥ និង៣០នាទីព្រឺកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល លើកំណាត់ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ERONTIER ពណ៌ស ពាក់ស្លាកលេខ 2W-5084 ចំណុះ១តោនកន្លះ ជារថយន្តដឹកអាល់កុល ជិះគ្នា៣នាក់ បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តក៏បានវ៉ាក់អ៊ើនឹងម៉ូតូមួយគ្រឿង ទើបអ្នកបើកបរព្យាយាមបួងចង្កូតបើកគេចម៉ូតូនោះ ដោយរថយន្តបម្រុងបត់ឆ្វេងចូលក្លោងទ្វារវត្តសន្សំកុសល ទើបជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបាក់អស់៩កង់រាយប៉ាយពេញផ្លូវ។
ក្រោយពេលកើតហេតុអ្នកជិះរថយន្តបង្ករត់គេចខ្លួនអស់ នៅសល់តែរថយន្តដែលខូចខាត និងរបំាងថ្មនៅរាយប៉ាយពេញផ្លូវ ទើបសមត្ថកិច្ចចុះវាស់វែង និងនាំយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ វិបុល