ភ្នំពេញ៖ក្រសួងការពារជាតិ បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ គោរពនិងអនុវត្តម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និង អនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដេីម្បីវាយកម្ទេចជនក្បត់ជាតិ ដែលចង់សំដៅលេីលោក សម រង្ស៊ី ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជន ។
សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែមករា នេះ បញ្ជាក់ថា កងយោធពលខេមរភូមិន្ទត្រៀមខ្លួនរួចជាស្រេច ដេីម្បីអនុវត្តដីការបស់តុលាការ ក្នុងការចាត់វិធានការចំពោះជនដែលតុលាការតាមចាប់ខ្លួន ។
ទោះបី មិនចំឈ្មោះ តែមជ្ឈដ្ឋានជាច្រើន ដឹងថា គឺ ចង់សំដៅលេីលោក សម រង្ស៊ី ។
ជាមួយគ្នានេះ លោកឈុំ សុជាតិ បន្តថា ក្រសួងការពារជាតិ សូមប្រកាសថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែមករា ដេីម្បីឱ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកេីតចេញពីការបោះឆ្នោត ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ដែលអះអាងថាជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ សូមកុំស្តាប់បញ្ជាពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយបានណែនាំកងកម្លាំងប្រដាប់អាវុធ ឲ្យចាប់ខ្លួនលោក សម រង្ស៊ី នៅពេលដែលលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ២០១៩នេះ ៕
ដោយ៖ ចេស្តា