ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំកម្ពុជា បានជំរាបជូន លោកស្រី ឧបនាយករដ្ឋមន្ត្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ពីវឌ្ឍនភាពថ្មីរបស់កម្ពុជា ជាមួយនឹងចិន ដែលត្រូវចាប់ផ្តើមនៅឆ្នាំ២០១៩ នេះ ដោយចិនប្រកាសគាំទ្រជួយកម្ពុជា លើវិស័យសេដ្ឋកិច្ច គ្រាដែលកម្ពុជាកំពុងទទួលរងនូវការដាក់សម្ពាធពីបណ្តាប្រទេសមួយចំនួន ។
នេះបើតាមការបញ្ជាក់ពីលោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៅក្រោយជំនួបសំដែងការគួរសម របស់លោក វ៉ាង វិនធាន ជាមួយលោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ៨រោចខែបុស្ស ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ។
ជាមួយនឹងជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលចិននាពេលនេះ ឯកអគ្គរដ្ឋទូតថ្មីបានបញ្ជាក់ថា៖ ភាគីទាំងពីរ កម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈចំនួន៨រួចហើយ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន ជាលើកដំបូងក្នុងឆ្នាំ២០១៩នេះ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ។
នៅក្នុងជំនួបសំដែងការគួរសមនេះដែរលោក វ៉ាង វិនធាន បានរំលឹកពីខ្លឹមសារសំខាន់ៗ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន ជូនលោកលោក ឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន ពិសេសការជួយលើកកំពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំអង្ករពីកម្ពុជា ចំនួន៤០ម៉ឺនតោនក្នុងមួយឆ្នាំ២០១៩ទៅកាន់ប្រទេសចិន ហើយចិននឹងជួយកម្ពុជាក្នុងទំហ៊ំទឹកប្រាក់ប្រមាណ៦០០លានដុល្លារ អាមេរិកចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១ និងបង្កើនភ្ញៀវទេសចរចិនមកកាន់កម្ពុជាឲ្យបាន៥លាននាក់ក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ព្រមទាំងការពង្រឹងការអនុវត្តច្បាប់រវាងប្រទេសទាំង២ផងដែរ ។
ឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ បានថ្លែងអំណរគុណ ចំពោះលោកស្រី ម៉ែន សំអន ដែលបានសហការជួយដល់បេសកកម្មរបស់មន្ត្រីការទូតចិនកន្លង មកឲ្យទទួលបានជោគជ័យ ហើយក៏សុំការណែ នាំបន្តទៀតដើម្បីឲ្យបេសកកម្មការទូតរបស់ឯ,ឧ លើកនេះ កាន់តែល្អប្រសើរឡើងថែមទៀត ។
ជាការឆ្លើយតប លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឯកភាព គាំទ្រចំពោះបេសកម្មការទូតរបស់ លោក វ៉ាង វិនធាន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន កម្ពុជា នឹងចិន នៅតែជាមិត្តល្អ ពិសេសគ្រាដែលកម្ពុជាជួបការលំបាក រដ្ឋាភិបាលចិន តែងតែជួយជ្រោមជ្រែងដល់កម្ពុជាជាបន្តបន្ទាប់ លើការអភិវឌ្ឍគ្រប់វិស័យ ។
លោកស្រី បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការគាំទ្រនយោបាយចិនតែមួយ និងនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ហើយពេលនេះលោកស្រី ម៉ែន សំអន សូមគាំទ្រ អនុវត្តចំពោះអនុស្សារណៈចំនួន៨ ដែលបានចុះហត្ថលេខារួចហើយ ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាលទាំងពីរ កាលពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន ព្រោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ចធ្វើជាសេនាធិការឲ្យរាជ រដ្ឋាភិបាលកម្ពុជា លើការងារតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើអំណាច ដើម្បីបំរើប្រយោជន៍បុគ្គល និងបក្សពួក និងការពារសិទ្ធរបស់ពលរដ្ឋ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ធភាព ៕
ដោយ៖ សំរិត