ខេត្តព្រះវិហារ ៖ លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ ផែនការវិនិយោគកសិកម្ម អភិវឌ្ឍជនបទបរិស្ថាន និងធនធានធម្មជាតិ (ប្រធានប្រតិភូ) លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញធ្វើ ទស្សនកិច្ចនាំអំណោយ និងប្រគល់រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង ជូនដល់លោក BEN DAVIS និង សហគមន៍តាបស សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិដែនជម្រកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក” ។
អំណោយទាំងនោះរួមមាន ៖ រថយន្ដមួយគ្រឿង និងម៉ូតូពីរគ្រឿង ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីយកទៅឧបត្ថម្ភដល់លោក BEN DAVIS តាមរយៈគណៈកម្មការទី៣នៃរដ្ឋសភា នីតិកាលទី៦ និងគណៈប្រតិភូ ក្រសួងបរិស្ថាន សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិក្នុងដែនជម្រកសត្វ ព្រៃ “ភ្នំត្នោត-ភ្នំពក” ស្ថិតក្នុងភូមិសាស្ដ្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ក្រៅពីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោក Ben Davis ក៏ទទួលបានថវិកាបន្ថែមចំនួន ២៥, ៤០០,០០០រៀល ក្នុងនោះ១៦លានរៀន ឧបត្ថម្ភដោយគណៈកម្មការទី៣នៃរដ្ឋសភា និងថវិកា៩លាន៤សែន រៀល ឧបត្ថម្ភដោយក្រសួងបរិស្ថាន ។
នៅព្រឹកថ្ងៃខែឆ្នាំដដែលនោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនានៅប្រាសាទបាកាន ឬ ប្រាសាទព្រះខ័ន កំពង់ស្វាយ ស្ថិតក្នុងភូមិសាស្ដ្រភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារផងដែរ ៕
ដោយ ៖ វណ្ណៈ