ភ្នំពេញ៖ មហាជនជាច្រើនកាន់តែបង្ហាញអារម្មណ៍ក្នុងត្តួលទប់ទឹកភ្នែកមិនបានក្រោយពីបានឃើញទិដ្ឋភាពដង្ហែរសព តារាចម្រៀង ខេមរៈ ស្រីពៅ កាលពីល្ងាចថ្ងៃទី២៨ខែមករាឆ្នាំ២០១៩ជាកិច្ចជូនដំណើរចុងក្រោយ ។ សាច់ញាតិ សិល្បករមហាជន ដែលបានចូលរួមផ្ទាល់សុទ្ធតែបង្ហាញពីក្តីអាឡោះអាល័យ ស្តាយស្រណោះចំពោះការបាត់បង់ជីវិតតារាស្រីដ៏ទន់ភ្លន់សុភាពរាបសាររូបនេះ។
ពិធីដង្ហែសព តារាចម្រៀងខេមរៈ ស្រីពៅ ត្រូវបានរៀបចំឡើងចាប់តាំងពីវេលាថ្ងៃត្រង់ដើម្បីឆ្ពោះទៅកាន់ដើម្បីទៅបូជាក្នុងបរិវេនវត្តសំរោងអណ្តែត ក្រោមការចូលរួមពីសាច់ញាតិ សិល្បករ និងមហាជនរាប់ពាន់នាក់ចូលរួមជាមួយនឹងទឹកមុខស្រពោនស្រងូតស្រងាត់។ ការបាត់បង់ជីវិតរបស់តារាចម្រៀងរូបនេះទាំងវ័យក្មេងបានធ្វើឲ្យរំជួលចិត្តអស់មហាជនគ្រប់ស្រទាប់វណ្ណៈ។រូបភាព និងបទចម្រៀងរបស់តារាចម្រៀងស្រីរូបនេះបានបន្សល់ទុកនូវការចងចាំមិនអាចបំភ្លេចបានរបស់មហាជនចំពោះការបាត់បង់ជីវិតទាំងវ័យក្មេងរបស់តារាចម្រៀងរូបនេះ។ ជាកូនស្រីពៅក្នុងគ្រួសារមួយដែលមានបងប្អូនបង្កើតចំនួន៦នាក់(ស្រី៣នាក់) ខេមរៈ ស្រីពៅ បានប្រឡូកក្នុងអាជីពសិល្បៈដំបូងក្នុងផលិតកម្មសាន់ដេ ក្នុងអំឡុងឆ្នាំ២០០៧គ្រាដែលបងប្រុសនាងលោក ខេមរៈ សិរីមន្តលេចធ្លោរក្នុងវិស័យចម្រៀង ខណៈដែលបងប្រុសនាងគឺលោក ខេមរៈ ភិរុណ ជាអ្នកនិពន្ធមានឈ្មោះបោះសំឡេងផងដែរ។ តារាស្រីដែលមានទឹកដីកំណើតមកពីខេត្តកំពង់ចាមរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីនាងបានបង្ហើរសំនៀងក្នុងបទមួយចំនួនទាំងបទបែបយុវវ័យ និងប្រជាប្រិយជាដើម។ តារាស្រីរូបនេះបានបាត់មុខក្នុងការងារសិល្បៈជិត៥ឆ្នាំ ក្រោយមកនាងក៏លេចចេញដំណឹងអកុសល្យ និងពាក្យចចាមអារ៉ាមជាបន្តបន្ទាប់។២ ខែចុងក្រោយនេះសភាពជំងឺនាងមានអាការកាន់តែធ្ងន់ធ្ងរ ក៏បញ្ជូលទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។ ដំណឹងនៃការធ្លាក់ខ្លួនឈឺជំងឺសួត និង ក្រលៀន ធ្ងន់ធ្ងររបស់តារាស្រីរូបនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយចុងក្រោយខេមរៈ ស្រីពៅ បានទទួលមរណៈភាពនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅប្រទេសឥណ្ឌា ក្នុងវ័យ ២៨ ឆ្នាំ ក្រោយពេលចេញទៅសម្រាក និង ព្យាបាលជំងឺនៅទីនោះអស់ពេលជាង ២ ខែ ។ មិនថាមិត្តភក្តិក្នុង ឬ ក្រៅសិល្បៈសុទ្ធតែរន្ធត់ចិត្តនៅពេលដែលដឹងថា ខេមរៈ ស្រីពៅ ទទួលមរណៈភាព ។ ពិធីបុណ្យសពតារាចម្រៀងស្រីរូបនេះត្រូវបានធ្វើឡើងនៅផ្ទះរបស់ សិរីមន្ដ នាវិថីឧកញ៉ាទ្រីហេង ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខាងមុខសួន សុបិន្តចម្ការព្រីងចាប់តាំងពីថ្ងៃដែលតារាស្រីរូបនេះសទទួលមរណភាពម្ល៉េះ។
ពិធីបុណ្យ៧ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែមករានេះ ដោយប្រកាសអញ្ជើញភ្ញៀវទីជិតឆ្ងាយទាំងអស់មកចូលរួមក្នុងពិធីបុណ្យនេះផងដែរ។ តែអ្វីដែលគួរឱ្យតក់ស្លុត និងកាន់តែសង្វែកនោះគឺថា នៅថ្ងៃទី៣១ ខែមករានេះ ក៏ត្រូវ ចំថ្ងៃកំណើតរបស់នាងផងដែរ៕
ដោយ វឌ្ឍនា