ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃព្រហស្បតិ៏ ១១រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣១មករា ឆ្នាំ២០១៩ លោក ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ បានទាញអារម្មណ៏ សមាជិកអង្គប្រជុំមកពីអង្គភាពជំនាញ និងអាជ្ញាធរដែនដីក៏ដូចកំ លាំងមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញថា ភ្នំពេញជាប់លេខ១ រាល់ឆ្នាំពីរឿងគ្រោះថ្នាក់ចរាចរណ៏ច្រើនជាងគេ។ដូច្នេះទាំងអាជ្ញាធរដែនដី ទាំងសមត្ថកិច្ចជំនាញត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងរាជធានីភ្នំពេញ។
លោកបន្តថា៖ យើងអាចទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រប់ប្រភេទបានល្អប្រសើរ,ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តែបែរជាមកទប់មិនបានពីរឿងគ្រោះថ្នាក់ចរាចរទៅវិញ ដូច្នេះការពង្រឹងការអនុវត្ត ច្បាប់ចរាចរត្រូវតែម៉ត់ចត់បន្ថែមទៀតទើបបាន។
កន្លងមកគេសង្កេតឃើញថា៖ គ្រោះថ្នាក់ចរាចរកើតមានពេលយប់ច្រើនជាងពេលថ្ងៃដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃក្នុងចំនួនច្រើន ហើយចំណុចដែលគួរអោយហូសចិត្តនោះគឺសូម្បីតែរថយន្តដឹកទឹកកកដ៏ចាស់ទ្រុឌទ្រោមក៏មានបិទស្លាកបានត្រួតពិនិត្យបច្ចេកទេសដែរ។
តាមសេចក្តីរាយការ របស់លោកឧត្តមសេនីយ៏ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញថាក្នុងខែមករា ឆ្នាំ២០១៩នេះបទល្មើសគ្រប់ប្រភេទបានថយចុះច្រើន។ជាមួយគ្នានេះលោកអភិបាលបានថ្លែងអំណរគុណដល់កំលាំងសមត្ថកិច្ច,អាជ្ញាធរដែនដីដែលបានប្រឹងប្រែងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារក្នុងរាជធានីភ្នំពេញបានល្អប្រសើរ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ និងពីថ្នាក់ដឹកនាំសំរាប់ពិធីសំខាន់ៗចំនួន៣កន្លងមកនេះមានពិធីសម្ពោធវិមានឈ្មះៗ,ពិធីឆ្លងឆ្នាំសកល និងបុណ្យ៧មករាជាដើម៕
ដោយ៖ សំរិត