ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋចំនួន៨នាក់ទៀតហើយនៅខេត្តបាត់ដំបងត្រូវគេសង្ស័យបានរងការពុលមី នាំចូលពីប្រទេសថៃ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។ ការពុលនោះបន្ទាប់ពីគេមើលឃើញថាមានប្រជាពលរដ្ឋ៩នាក់នៅស្រុកបាណន់ទើបតែរងការពុលស្ពៃជ្រក់ ដែលគេសង្ស័យនាំពីប្រទេសថៃៗនោះដែរ។
បើតាមសេចក្តីរាយការណ៍ឱ្យដឹងថាកាលពីរសៀលថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៥ មានប្រជាពលរដ្ឋចំនួន៨នាក់រស់នៅក្នុងភូមិគោករកា និងភូមិកន្ទួតក្នុងស្រុកគាស់ក្រឡ ត្រូវគេសង្ស័យថាបានរងការពុលមីនាំចូលពីប្រទេសថៃ បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះបានទទួលទានមីឆុងជុំគ្នាខណៈទៅឃ្វាលគោ នៅវាលស្រែហើយក៏មានអាការៈក្អួតចង្អោធ្ងន់ធ្ងរ ត្រូវបានអ្នកភូមិដឹកយកទៅសង្គ្រោះជីវិតភ្លាមៗនៅមន្ទីរពេទ្យបង្អែក ស្រុកគាស់ក្រឡ។អ្នកភូមិទាំង៨នាក់រងការពុលមីត្រូវបានគេស្គាល់ ១.ឈ្មោះ ជឿម សារៈមុន្នីភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ២.ឈ្មោះ ជឿមសុភារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ៣.ឈ្មោះ ចយ ចាប ភេទប្រុស អាយុ ១៧ឆ្នាំ៤.ឈ្មោះខ្លឹម សំណាង ភេទប្រុស អាយុ ១១ឆ្នាំ៥.ឈ្មោះ ពៅ ចន្ថា ភេទប្រុស អាយុ១៥ឆ្នាំ៦.ឈ្មោះ ភី ផល ភេទប្រុស អាយុ ១៧ឆ្នាំ៧.ឈ្មោះ ធឿន ផាន់ណា ភេទប្រុសអាយុ ១៩ឆ្នាំ៨.ឈ្មោះ គី បូ ភេទប្រុស អាយុ ៤២ឆ្នាំ ។ ជនរងគ្រោះទាំង០៨នាក់រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ។
ជុំវិញបញ្ហានេះបើតាមប្រភពព័ត៌មានពីលោកអភិបាលស្រុកគាស់ក្រឡប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៥ ជនរងគ្រោះទាំង៨នាក់មានអាការៈធូស្បើយ បានចេញពីមន្ទីរត្រឡប់ទៅផ្ទះរៀងខ្លួនវិញអស់នោះហើយ។មូលហេតុនៃការពុលនោះ មិនទាន់ដឹងច្បាស់នៅឡើយនោះទេដោយគេចាត់មន្ត្រីជំនាញចុះទៅស្រាវជ្រាវពិនិត្យទៅលើករណីទឹកដែលអ្នកភូមិទាំងនោះ ដាំឆុងមី យកមកគ្មានប្រភពច្បាស់លាស់ និងពិនិត្យទៅលើមី ផងដែរ។
សូមបញ្ជាក់ថានៅខេត្តបាត់ដំបងនោះដែរក៏មានប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់៩នាក់រស់នៅក្នុងភូមិក្រឡាពាសឃុំបាយដំរាំស្រុកបាណន់ ខេត្ត បាត់ដំបង បានរងការពុលស្ពៃជ្រក់ដែលគេដឹកតាមកង់លក់ក្នុងភូមិ។ក្រោយពីពួកគាត់ទទួលទានបណ្តាលឱ្យរងការរាគរុះក្អួតចង្អោរធ្ងន់ធ្ងរហើយត្រូវបានគេដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៥ ប្រជាពលរដ្ឋដែលរងការពុលទាំង៩នាក់ បើតាមលោកមេឃុំបាយដំរាំ ប្រាប់ឱ្យដឹងថាមកដល់ពេលនេះបានជាសះស្បើយត្រឡប់មកផ្ទះវិញ៧នាក់ នៅសម្រាកក្នុងមន្ទីរពេទ្យ២នាក់ទៀតនៅឡើយ ករណីនេះលោកមេឃុំបានបញ្ជាក់ឱ្យដឹងទៀតថា មន្ត្រីជំនាញស្រាវជ្រាវទំនងជាមកពីស្ពៃដែលនាំពីប្រទេសថៃត្រូវបានគេបាញ់ថ្នាំហើយប្រជាពលរដ្ឋអ្នកធ្វើជ្រក់ស្ពៃទិញយកមកជ្រក់លក់ចែកចាយឱ្យប្រជាពលរដ្ឋទទួលទាន។
ក៏ប៉ុន្តែករណីពុលស្ពៃជ្រក់ខាងលើត្រូវបានប្រធានសាខាកាំងកុងត្រូលខេត្តបាត់ដំបងអះអាងថា បណ្តាលមកការធ្វើស្ពៃជ្រក់នោះខ្វះអនាម័យទៅវិញ៕
ដោយ៖ សំ វិច្ឆិកា