ភ្នំពេញ៖ តារាកំប្លែងនាយក្តិបដែលមានជំងឺច្រើនមុខកំពុងស្នាក់នៅនិងព្យាបាលនៅផ្ទះនោះទទួលបានអំណោយជាលើកទី២ពីសំណាក់កាកបាទក្រហមកម្ពុជា។ ការទទួលត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃពុធទី៦ខែកុម្ភៈឆ្នាំ២០១៩។
ក្រោមវត្តមានលោកស្រីម៉ែននារីសោភ័គអគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកស្រីហួនថាតពីស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់នាយក្តឹបអាយុ៦០ឆ្នាំជាស្វាមីដែលមានជំងឺសម្ពាធសរសៃឈាមបេះដូងធ្ងន់ធ្ងរកកឈាមក្នុងខួរក្បាលទឹកនោមផ្អែមនិងទឹកចូលសួតកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិខ្ទរសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារលោកជំទាវម៉ែននារីសោភ័គក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះសិល្បករជើងចាស់ធ្លាប់មានទេពកោសល្យនិងបន្សល់ទុកស្នាដៃសិល្បៈកំប្លែងជាច្រើន។
ជាមួយគ្នានេះលោកស្រីបានផ្តាំផ្ញើឱ្យក្រុមគ្រួសារនាយក្តឹបខិតខំថែទាំសុខភាពស្វាមីឪពុក ឱ្យបានល្អហើយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យនិងជូនពរឆាប់បានជាសះស្បើយឡើងវិញ។ទន្ទឹមនឹងនេះអ្នកស្រីហួនថាតនិងកូនប្រុសបានសំដែងក្តីរំភើបឥតឧបមានិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានយកចិត្តទុកដាក់គិតគូរជួយសម្រាលទុក្ខលំបាកនិងលើកទឹកចិត្តដល់នាយក្តឹបក៏ដូចជាអ្នកដែលជួបទុក្ខលំបាកទូទៅដោយគ្មានការរើសអើងអ្វីឡើយហើយអំណោយផ្តល់ជូនលើកទី២នេះរួមមានអង្ករមីត្រីខទឹកដោះគោស្ករសទឹកប្រទាលកន្ទុយក្រពើទឹកត្រចៀកកាំមុងភួយសារុងក្រមានិងថវិកាមួយចំនួន។
គួរបញ្ជាក់ដែរថានាយក្តិបមានជំងឺច្រើនមុខដូចជាទឹកដក់ក្នុងសួតទឹកនោមផ្អែមដាច់សរសៃឈាមខួរក្បាលខ្វះឈាមក្នុងបេះដូងព្រមទាំងលើសឈាមថែមទៀត។បើតាមការបញ្ជាក់ពីសាច់ញាតិរបស់តារាកំប្លែងនាយក្តិបបានបញ្ចាក់ថាភរិយាតារាកំប្លែងរូបនេះសម្រេចបន្តបញ្ជូនប្តីឲ្យទៅបន្តព្យបាលនៅខេត្តមួយនៃប្រទេសថៃក្រោយពីឃើញសភាពជំងឺរបស់ប្ដីខ្លួនកាន់តែដុនដាបទៅៗ។ដំណឹងដែលគួរឲ្យអាណិតគឺពេលនេះក្រុមគ្រួសារដឹកនាយ ក្តិបមកទឹកដីមាតុភូមិវិញក្រោយពីការព្យាបាលបានមួយរយៈត្រឹមតែជំងឺសួតធូរស្បើយបន្តិចខណៈដែលជំងឺបេះ ដូងនិងខួរក្បាលមិនទាន់ធ្វើការវះកាត់៕ ដោយ វឌ្ឍនា