ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិ្យស្ថានភាពទឹកប្រើប្រាស់រួម និងប្រើប្រាស់លើការងារបង្កបង្កើនស្រូវរដូវប្រាំងឆ្នាំ២០១៨- ២០១៩ និងត្រៀមលក្ខណៈរក្សាទឹកទុក សម្រាប់ប្រើប្រាស់លក្ខណៈគ្រួសារសម្រាប់មនុស្ស សត្វនិងដំណាំរួមផ្សំផ្សេងៗ ។
មន្ត្រីបានអោយដឹងថា៖ នៅក្នុងពេលចុះពិនិត្យនោះ ក្រុមការងារពិនិត្យឃើញថា៖
១.ស្រូវប្រាំងឆ្នាំ ២០១៨-២០១៩ ផ្ទៃដីបង្កបង្កើនផល អនុវត្តបាន ២៥.៩២៤ ហិកតា លើផែនការ ចំនួន ៩.០០០ ហិកតា ស្មើនឹង២៨៨% ក្នុងនោះច្រូតបាន៦៥% នៅប្រមាណ ៣០% កំពុងធ្វើខ្លួន ហើយបច្ចុប្បន្ននេះបាននិងកំពុងប្រើប្រាស់ប្រភពទឹកពីអាងទឹកទំនប់ទី ៣ ដែលសល់តែប្រមាណ៤០% និងចរន្តធារទឹកពីដៃស្ទឹងពោធិ៍សាត់ដែលនៅសេសសល់តិចតួចផ្សេងទៀត ដើម្បីស្រោចស្រពបន្ថែមនៅក្នុងប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល, ចារឹក និងអូរការ ស្ថិតនៅក្នុងស្រុកបាកាន កណ្តៀង និងក្រុងពោធិ៍សាត់។ ការអនុវត្តស្រូវប្រាំងឆ្នាំ២០១៩នេះ គឺលើសផែនការច្រើនពេក ដែលជាបញ្ហាប្រឈមនឹងកង្វះខាតទឹកនៅទីតាំងមួយចំនួន ពិសេស តំបន់ដែលនៅឆ្ងាយពីប្រព័ន្ធប្រឡាយ។
២. ដោយឡែកការប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅក្រុងពោធិ៍សាត់ និងលក្ខណៈគ្រួសារសម្រាប់មនុស្ស សត្វ និងដំណាំរួមផ្សំផ្សេងៗ អាងទឹកទាំង២ គឺអាងទំនប់ទី៣ ដែលនៅសល់៤០% កំពុងបើកឲ្យប្រើប្រាស់នោះ នឹងបន្តដល់ពាក់កណ្តាលខែមីនា ។ ឯអាងទឹកទី៥ នឹងបន្តបើកឲ្យ ប្រើប្រាស់បានរហូតដល់ចុងខែឧសភា នឹងអស់បរិមាណទឹកនេះដែរ ដែលអាងទាំងពីរសរុបមានបរិមាណទឹកចំនួន ៥០លានម៉ែត្រគូប។
លោករដ្ឋលេខាធិការបានរៀបចំផែនការបែងចែកប្រភពទឹកនេះទៅលើក្រុងស្រុកចំនួន ៣ ជាអាទិភាព គឺក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកកណ្តៀង ធ្វើយ៉ាងណាត្រូវបញ្ចូលទឹកទៅតាមអាងទឹក ស្រះ ប្រឡាយដែលជាកន្លែងសម្រាប់ស្តុកទឹកទុក ក្នុងករណីហានិភ័យខ្ពស់ពេលអស់ ឬចរន្តទឹកស្ទឹងសល់តិចតួចពេក៕
ដោយ៖ សុខ ខេមរា