ណូវែលសេឡង់៖ កន្លងមកថ្មីៗភ្លើងឆេះព្រៃ និងក្តៅខ្លាំងគ្រប់ដណ្តប់ទៅលើប្រទេសអូស្ត្រាលី នៅពេលនេះដែរក៏មានភ្លើងឆេះព្រៃគំរាមកំហែងសេចក្តីសុខ និងការរស់នៅ របស់ប្រជាពលរដ្ឋ ណូវែលសេឡង់ ។
ភ្លើងឆេះព្រៃកើតឡើងនៅតំបន់ South Island ជាក់ស្តែងកាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៩នេះ មនុស្សប្រមាណ៧០០នាក់ ត្រូវបានជម្លៀសខ្លួន ទៅរកទីកន្លែងដែលមានសុវត្ថិភាព ។
ប៉ូលិសការពារស៊ីវិល ណូវែលសេឡង់ បានដើរគោះទ្វារ តាមខ្នងផ្ទះ ប្រមាណ២៥០ខ្នង ខ្លាចក្រែងមានអ្នកនៅសេសសល់ ស្ថិតនៅក្នុងតំបន់ Wakefield ដើម្បីស្នើឲ្យពលរដ្ឋភៀសខ្លួនបណ្តោះអាសន្ន ទៅកាន់ពហុកីឡដ្ឋានមួយកន្លែង នៅក្នុងតំបន់ដែលមានសុវត្ថិភាព ។
នៅតាមទីប្រជុំជនដទៃទៀត មនុស្សប្រហែល៣,០០០នាក់ ក៏បាននឹងកំពុងទន្ទឹងរង់ចាំដំណឹងពីអាជ្ញាធរថា តើត្រូវភៀសខ្លួនដែរឬយ៉ាងណា ពេលដែលអ្នកខ្លះទៀត ស្ម័គ្រចិត្តភៀសខ្លួនដោយខ្លួនឯងនោះ ។
ដីព្រៃប្រហែល២,០០០ហិកតា ត្រូវភ្លើងឆេះអស់ ខណៈវាចាប់ផ្តើមឆេះតាំងពីថ្ងៃអង្គារ រហូតមកដល់ថ្ងៃសុក្រនេះ ។ ដើមហេតុដំបូង ប៉ូលិសជឿថា មកពីមានការដុតនៅកសិកម្ម ។ នៅទីក្រុង Nelson ភ្លើងឆេះបានកើតឡើងដែរ ប៉ះពាល់លំនៅឋាន និងពលរដ្ឋ ៥០,០០០នាក់ ៕
ដោយ៖ មែវ សាធី