ខេត្តកណ្តាលៈ បុរសជាអ្នកលក់ដូងខ្ចីបានធ្វើសកម្មភាពចូលលួចប៉ុស្តិ៍ផ្សាដែករបស់ជាងផ្សាដែក នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល កាលពីវេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ហើយបានព្យាយាមជិះម៉ូតូគេចខ្លួន ក្នុងគោលបំណងឆ្លងស្រឡាងស្វាយជ្រំ ឆ្ពោះទៅលំនៅឋានក្នុងរាជធានីភ្នំពេញវិញ តែជាអកុសលរត់មិនរួចត្រូវបានជនរងគ្រោះសហការជាមួយនគរបាលឃាត់ខ្លួនបានរួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូង មានទីលំនៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ សឿង ចិន្តា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានចូលទៅសម្រាកហូបបាយនៅខាងក្រោយផ្ទះ ដោយបានទុកសម្ភារៈប្រើប្រាស់នៅខាងមុខផ្ទះ ពុំមានមនុស្សនៅអង្គុយចាំមើលនោះទេ ។ ពេលដល់ម៉ោងចុះធ្វើការងារបន្តស្រាប់តែបាត់ប៉ុស្តិ៍ផ្សាដែកមិនដឹងទៅណា ។ ភ្លាមៗនោះជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ច និងបានជិះម៉ូតូតាមរកតាមការបំភ្លឺពីអ្នកជិតខាង ខណៈជិះដល់ចំណុចស្រឡាងស្វាយជ្រំ ក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូដឹកប៉ុស្តិ៍ផ្សាដែករបស់ខ្លួនបំណងឆ្លងស្រឡាង ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីឃើញដួច្នេះជនរងគ្រោះបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងប៉ុស្តិ៍ផ្សារចំនួន០១ ,ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ូគី វីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខកណ្តាល1A-6541 ,កន្ត្រៃចំនួន១ ,ទូរស័ព្ទដៃម៉ាក១គ្រឿង ប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលយកទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ សេង រដ្ឋា បានសារភាពថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូដើរលក់ដូងនៅតាមភូមិអ្នកស្រុក បន្ទាប់ពីលក់ដូងអស់ពីម៉ូតូហើយនោះ ក៏បានប្រទះឃើញប៉ុស្តិ៍ផ្សាដែកទុកចោលនៅមុខផ្ទះមិនមានមនុស្សនៅចាំមើល ក៏ចូលទៅលួចលើកដាក់លើម៉ូតូជិះគេចខ្លួន តែមិនបានសម្រេចត្រូវបានជនរងគ្រោះសហការជាមួយនគរបាលឃាត់ខ្លួនរូបគេ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ