បែកធ្លាយ រឿងអាស្រូវរបស់លោកទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ លិខិតអនាមុខជាច្រើនសន្លឹក ត្រូវជនមិនស្គាល់មុខបាចចោល នៅមុខស្នងការដ្ឋាននគរបាល​ក្រុងនិងខេត្ដ​ ខេត្តសៀម​រាប​ ដោយរិះគន់និង​បើក​កកាយ​រឿង​​​អធិការនគរបាលក្រុង លោកទិត្យ ណារ៉ុង  ថា និយមប​ក្ស​​ពួក​​និងបានយកលុយខែតាមបនល្បែងស៊ីសង និងកន្លែងបំរើផ្លូវភេទលួចលាក់ក្នុងតំបន់ទេសចរណ៍។

លិខិតនោះត្រូវបានជនមិនស្គាល់មុខបាចចោលកាលពីថ្ងៃទី០៧ខែកក្កដានេះ ដោយសំណូមពរ លោកស្នង​ការឲ្យមានវិធានការ ទៅលើលោក​អធិការ​ក្រុងរូបនោះ។

ក្នុងលិខិតអនាមឹកនោះបានរៀបរាប់យ៉ាងថា យើងខ្ញុំជាមន្ត្រីនគរបាល​ក្រុងមិនសប្បាយចិត្តសូមអន្តរាគមន៏​ពីលោកស្នងការ លើការតែងតាំងមុខតំណែង មន្ត្រីនគរបាលនាពេលកន្លងមក និងពេលបច្ចុប្បន្ន។ ការតែង​តាំងមុខតំ​ណែង​លោកអធិការក្រុងដែលតែងតាំងតែមនុស្សនៅជិតខ្លួន ភាគច្រើនកម្លាំងថ្មី និងកម្លាំង​អសកម្មតាម​ប៉ុស្តិ៏ ដែលបានបញ្ឍរជើង ដែលពួកគេសំបូរលុយស៊ូកប៉ាន់ ដើម្បីយកតួនាទី ចំណេកឯអ្នកធ្វើការយូរឆ្នាំហើយ​មិន​ដែល​អធិការរូបនោះមើល​ឃើញ​ទេ ព្រោះគ្មានលុយស៊ូកអោខ្លួន។

លិខិតបានបានឲ្យដឹងបន្ដថា សូមលោកស្នងការមេត្តាជ្រាបថា មានមន្ត្រីឈ្មោះ ម៉ុក បូរ៉ា បានដើរប្រមូល​លុយតាមបនល្បែងហ្គេម .ឆ្នោត.និងតាមកន្លែងវ៉ៃស៊ិច ដែលជ្រកក្រោមស្លាកម៉ាស្សា នៅក្នុងក្រុងសៀមរាប។

ប្រភពបានទម្លាយថា កាលពីថ្ងៃទី១៣ខែមិនាឆ្នាំ២០១៥ ឈ្មោះម៉ុក បូរ៉ា បានទៅឆក់ត្រីហើយយកកាំភ្លើង អាកា បាញ់ជាច្រើនគ្រាប់នៅវាលស្រែប្រាំង ក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ផ្អើលពលរដ្ឋទាំងថ្ងៃ តែលោក ទិត្យ ណារ៉ុង ​អធិការ​នគរបាលក្រុង មិន​ដាក់វិន័យទេ ថែមទាំងតែងតាំងបុក្គលរូបនោះជាអនុផ្នែកព្រហ្មទណ្ឌទៀត។ លិខិតដែលមិនបានចុះថ្ងៃខែនិងឈ្មោះ​បាន បានស្នើឲ្យស្នងការជួយពិនិត្យទៅលើ ការតែងតាំង​មុខតំណែង​មន្ត្រី​ណាមួយ គួរតែប្រជុំវាយ​តំលៃឲ្យបានត្រឹមត្រូវជាមុនសិន ពិសេសគួរមើលមន្ត្រីចាស់ដែលបំរើ​ការងា​រយូរឆ្នាំ។​ដោយ​លើកឡើងថា កម្លាំងដែល​​ជាប់​វិន័យ​មិនគួរតម្តើងតួនាទីទេ។ជាមួយគ្នានោះដែរលោកស្នងការគួរតែ​បង្កើតគណៈ​កម្មការ​ត្រួត​ពិនិត្យកម្លាំងក្នុងក្រុងសៀមរាប ហើយកុំសូវជឿរទៅលើរបាយការណ៏ពេក។

ជុំវិញករណីខាងលើនេះ លោកវរសេនីយ៏ទោទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានថ្លែង​ តាមទូរ​សព្ទ័​នៅរសៀលថ្ងៃទី០៨ខែកក្កដានេះថា លោកសុំមិនធ្វើអធិប្បាយបានទេ ព្រោះលោកបានរាយការដាក់ជូនទៅ​លោក​ស្នង​ការរួចរាល់អស់ហើយ។

ចំពោះលោកឧត្តមសេនីយ៏ទោ សត ណាឌី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមាន​ប្រសាសន៏ថា លោកនៅមិនទាន់ដឹងនៅឡើយទេ ព្រោះពេលនេះកំពុងប្រជុំនៅឯភ្នំពេញ។

បន្ទាប់ពីលិខិតអនាមឹកបានទៅដល់ដៃមន្ត្រីប៉ូលិស ស្ទើរពេញខេត្តសៀមរាប ក៏មានព័ត៏មានទម្លាយតៗគ្នាថា លោកអធិការ ទិត្យ ណារ៉ុង រូបនេះ ក្រៅពីដើរដាក់ខែយកលុយតាមបនល្បែង និងតាមបណ្តាបទល្មើសផ្សេងៗ​ក៏​តម្រូវឲ្យប៉ូលិសក្រោមឪវាទ ដែលនៅតាមប៉ុស្តិ៏ឬគោលដៅ បង់ប្រាក់ទៅឲ្យលោក១០០ដុល្លារ​ក្នុង១ខែ​ផងដែរ។​បើមិន​ដូច្នេះទេ ចាំបាច់ត្រូវផ្លាស់ប្តូរចេញពីកន្លែងឈរជើង ដោយមិនខ្វល់ថាមន្ត្រីក្រោមឪវាទ​រកប្រាក់​ដោយ​វិធីណា​ឡើយ។ ប្រភពបន្តថា ទង្វើនិងសកម្មភាព របស់លោកអធិការ បានធ្វើឲ្យមន្ត្រីក្រោមឪវាទ សតិអារម្មណ៏អស់ជំនឿ​លើ​ការងារ ព្យាយាមប្រព្រឹត្តិអំពើពុករលួយ ដើម្បីបានប្រាក់បង់ខែឲ្យមេ។

ប្រភពដដែល បន្ថែមទៀតថា បច្ចុប្បន្នបនល្បែងក្នុងក្រុងសៀមរាប កំពុងរីកដូចផ្សិត តួយ៉ាង​ដូចជា​កន្ទុយ​លេខ​ប្រជល់មាន់ ពិសេសហ្កេមបាញ់ត្រី តែសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអាចទៅក្បែរបានទេ បើមិន​ចឹងឮដល់​លោក​អធិការភ្លាមៗ​។ល្បែងហ្កេមបាញ់ត្រី ដែលកំពុងពុះកញ្ជ្រោលខ្លាំងជាងគេនាពេលនេះគឺនៅក្នុងក្លឹបស្នូកឃរ័ឈ្មោះ ប៊ីអេស​ស៊ី(BSC) ដែលមានទីតាំងនៅចំណុចផ្លូវកែងផ្សារញ៉ែ ក្បែរគោលដៅឈរជើងរបស់ប៉ូលិស។​ ក្នុងក្លឹប​មួយនេះពួកអ្នកចូលលេង ភ្នាល់ចាញ់ឈ្នះរាប់ម៉ឺនដុល្លារ​ ហើយភាគច្រើនអ្នកដែលចូលទៅជក់ថ្នាំញៀន។

គួររំលឹកផងដែរថា សម្រាប់ក្រុងទេសចរណ៏សៀមរាបអង្គរ នាពេលថ្មីៗនេះ សកម្មភាព​ចោរកាច់​សោរកម៉ូតូ ឆក់កាបូប និងគាស់ជញ្ជាំងគាស់ទ្វារផ្ទះ ចូលប្លន់យកទ្រព្យសម្បត្តិ កំពុងតែកក្រើក​យ៉ាង​ខ្លាំង​ពេញតំបន់​ទេសចរ​ខេត្ត​សៀមរាប បើទោះបីសមត្ថកិច្ចប្រឹងទប់ស្កាត់ក្ដី ​ដោយសារតែមាន កើតចេញពីការចាញ់ល្បែង​ស៊ីសងខាងលើ​៕​ជានិរន្ដរ៍

អធិការក្រុង

លិខិតអនាមឹក

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print