វៀតណាមមានមោទនភាពក្រោយទទួលបានទំនុកចិត្តពីសហគមន៍អន្តរជាតិ

ចែករំលែក៖

ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសន្តិភាព ទាំងក្នុងតំបន់និងអន្តរជាតិ​វៀតណាមទទួលបានការផ្តល់ទំនុកចិត្តខ្ពស់ពីបណ្តាប្រទេសជុំវិញពិភពលោក​។

ក្រោយពេលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ​សម្រាប់ជំនួបកំពូល​រវាង ប្រធានាធិបតីអាមេរិក ដូណាល ត្រាំ និង មេដឹកនាំគីម ជុងអ៊ុន  បានបង្ហាញយ៉ាងច្បាស់ថា​ វៀតណាម មានការរីកចំរើនយ៉ាងខ្លាំង ហើយទទួលបានទំនុកចិត្ត​ពីសហគមន៍អន្តរជាតិ ។មិនតែប៉ុណ្ណោះវៀតណាម​បានដើរតួនាទី យ៉ាងសំខាន់ សម្រាប់សន្តិភាព​នៅក្នុងតំបន់និងពិភពលោក​។

ពាក្យព័ន្ធនឹងសកម្មភាពខាងលើ នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc ​បានមានប្រសាសន៍​ថា «ជម្រើសនៃការយកវៀតណាមធ្វើជាទីតាំងរៀបចំកិច្ចប្រជុំកំពូលនាខែនេះ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសបញ្ជាក់ឲ្យឃើញថា ប្រទេសអាស៊ាន​មួយនេះ កំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវមួយ»។

ថ្លែងទៅកាន់មន្រ្តីរដ្ឋាភិបាលនៅឯទីផ្សារមូលបត្រទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបញ្ជាក់ថា «ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ បានបង្ហាញថាវៀតណាមមានបរិយាកាសល្អសម្រាប់ការវិនិយោគ និងជាគំរូនៃការអភិវឌ្ឍរបស់វៀតណាមកំពុងដើរលើផ្លូវត្រឹមត្រូវ និងជាពិសេសទៀតនោះ សន្តិសុខនិងសុវត្ថិភាពនៅប្រទេសវៀតណាមគឺអស្ចារ្យតែម្តង» ។

នាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងទៀតថា វៀតណាមនឹងក្តាប់យកឱកាសនេះ បង្ហាញឲ្យពិភពលោកបានឃើញ ពីតួនាទីលើឆាកអន្តរជាតិរបស់ខ្លួន ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh កំពុងស្ថិតនៅប្រទេសកូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ចរយៈពេល០២ថ្ងៃ គឺពីថ្ងៃអង្គារនេះដល់ថ្ងៃព្រហស្បតិ៍ ខណៈដែលវៀតណាមកំពុងត្រៀមលក្ខណៈដើម្បីរៀបចំជំនួបកំពូលខាងលើ។

គួរជម្រាបថា កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រកាសឲ្យដឹងថា លោកនឹងបើកកិច្ចប្រជុំកំពូលជាលើកទីពីរ ជាមួយលោក គីម នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម នៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈនេះ បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាម្តងរួចមកហើយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print