សរសើរទឹកចិត្តជ័យ សុវ៉ាត ផ្តល់ប្រាក់១០ លានរៀលដល់ពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ដូចការសន្យាកន្លងមកតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានប្រកាសធ្វើដំណើរទៅកាន់មន្ទីរពេទ្យគន្ធបុប្ផានៅល្ងាចថ្ងៃទី១៤ខែកុម្ភៈ ដើម្បីនាំយកថវិកាផ្ទាល់ខ្លួនចំនួន១០លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

    ការប្រគល់ជូននេះធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញផ្ទាល់ក្រោមការចូលរួមពីសំណាក់អ្នកគាំទ្រតារាចម្រៀងរូបនេះជាច្រើនរូប។ ក្រៅពីថវិកាតារាចម្រៀងរូបនេះក៏នឹងនាំយកនូវអំណោយជាអាហារសម្រន់ និងភេសជ្ជៈជូនដល់ពលរដ្ឋមួយចំនួននៅទីនោះផងដែរ។

តារាចម្រៀងរូបនេះបានបញ្ជាក់ថា កន្លងមកលោកធ្លាប់បានប្រកាសជាសាធារណៈហើយថាក្នុងមួយឆ្នាំលោកនឹងកាត់ប្រាក់ចំនួន៥០០ដុល្លារអាមេរិកដែលបានពីការងារសិល្បៈនានាដើម្បីជួយដល់មន្ទីរពេទ្យមួយនេះ។

លោកថាលោកសម្រេចចិត្តប្រគល់សរុបចំនួន៥ ឆ្នាំតែម្តង ហើយក៏ជាឱកាសជួបជុំអ្នកគាំទ្រលោកមួយចំនួនដែលបានស្ម័គ្រចិត្តចូលរួម ស្របនឹងឱកាសនៃទីវានៃក្តីស្រលាញ់១៤កុម្ភៈផងដែរ។

លោកថាលោកពិតជាចង់ចូលរួមចំណែកជួយសង្គមកាន់តែច្រើនទៅតាមលទ្ធភាព ពិសេសចង់ចែករំលែកក្តីស្រលាញ់ជូនដល់កុមារ និងក្រុមគ្រួសារពួកគាត់ដែលមានជីវភាពខ្វះខាតត្រូវការកម្លាំងចិត្ត។ លោកថាថវិកាមិនជាច្រើនលើសលប់ប៉ុន្តែជាទឹកចិត្ត និងទៅតាមលទ្ធភាពដែលលោកអាចចែករំលែកដែលលោករំពឹងដែរថាសប្បុរស ជនដែលធ្លាប់ជួយដល់មន្ទីរពេទ្យនេះនឹងនៅតែរក្សាចិត្តសប្បុរសជួយបន្ត និងសង្ឃឹមដែរថាជាចំណែកដ៏តូចមួយជួយដល់សង្គមជាតិគ្រាដែលលោកមានឱកាស និងសាងកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈ។

    គួរបញ្ជាក់ដែរថា ជ័យ សុវ៉ាត ដែលគេស្គាល់ថាក្មេងកំព្រាធ្លាប់ឆ្លងកាត់ជិវិតជូរចត់ច្រើន ត្រូវបានមហាជនចាប់ផ្តើមស្គាល់គ្រាដែលតារារូបនេះលេចមុខក្នុងការចូលរួមប្រកួតក្នុងកម្មវីធីផ្កាយរះក្នុងសួនរបស់ទូរទស្សន៍មួយ។ តារារូបនេះកាន់តែមានឈ្មោះបោះសំឡេងក្រោយពីបោះជំហានចូលច្រៀងក្នុងផលិតកម្មសាន់ដេជាមួយនឹងស្នាដៃចម្រៀងថ្មីពិរោះបន្តបន្ទាប់គ្នា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print