អធិការខណ្ឌដង្កោដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបចាប់បានមុខសញ្ញាវាយប្លន់៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមមុខសញ្ញាធាក់ វាយ ប្លន់យកម៉ូតូ របស់ប្រជាពលរដ្ឋតាមផ្លូវចំនួន៥នាក់ ដែលតែងតែបង្កអសន្តិសុខក្នុងសង្គមនិងមានការភ័យខ្លាច ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ដែលដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក ជឹម សីថា ចុះប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបានកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខសួនឧស្សាហ៍កម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនបានរួមមាន៖ ទី១ ឈ្មោះ ស្រេង ថុនា ហៅគុជ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ទី២ ឈ្មោះ ឃុន សៀកម៉ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ទី៣ ឈ្មោះ អឿង ឈុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ទី៤ ឈ្មោះ អឿង វីរៈ ហៅចយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ទី៥ ឈ្មោះ សុំ ពិសិដ្ឋ ហៅឈីត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមុនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន០៤គ្រឿង ។
លោក វរសេនីយ៍ឯក ជឹម សីថា អធិការខណ្ឌដង្កោ បានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាព ជិះម៉ូតូបរដេញតាមកៀរ ធាក់ ប្រើខ្សែក្រវ៉ាត់ វាយ ប្លន់យកម៉ូតូ ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ក្រាំងពង្រ រួចបញ្ជូនខ្លួនទៅផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print