ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងដោះស្រាយទឹកជូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ដោយពិនិត្យឃើញថា ស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ ២០១៩ នេះ មានសភាពក្តៅហួតហែង ដោយសារឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បានធ្វើឲ្យតំបន់មួយចំនួនប្រឈមមុខនឹងការខ្វះខាតទឹក ។ ចំពោះមុខនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំង និងបែងចែកភារកិច្ចជូនថ្នាក់ដឹកនំាជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទទួលខុសត្រូវតាមបណ្តាខេត្ត ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោករដ្ឋមន្រ្តី ។ នាពេលកន្លងមក ថ្នាក់ដឹកក្រសួងដែលទទួលខុសត្រូវតាមមុខព្រួញ រួមជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះធ្វើការប្រជុំ អប់រំ ណែនាំ ផ្សព្វផ្សាយ ដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ពីវិធានការណ៍ថែរក្សាទឹកទុក ការសន្សំសំចៃ ចៀសវាងការប្រើប្រាស់ទឹកខុសគោលដៅ និងការមិនអនុញ្ញាតឲ្យបង្កបង្កើនផលស្រូវប្រាំងលើកទី ២ តាំងពីខែតុលា ឆ្នាំ ២០១៨ ។
ជាវិធានការជាក់ស្តែង ក្នុងការដោះស្រាយទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រសួងបានប្រើប្រាស់គ្រប់មធ្យោបាយ និងសំភារៈ ដោយថ្មីៗនេះក្រសួងបានផ្តល់នូវរថយន្តស្ទូចចំនួន ២០ គ្រឿងដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង ២០ ដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ ។
ការងារដែលបាន និងកំពុងអន្តរាគមន៍ មានដូចខាងក្រោម ៖
ខេត្តបាត់ដំបង ៖
– បានធ្វើការបញ្ជូនទឹកមកពីស្រុករតនមណ្ឌល (ទំនប់ពហុបំណង) ចូលមកដល់ទីប្រជុំជនស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រមាណ ២៨.០០០ គ្រួសារ ឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ ។ ការបញ្ជូនទឹកនេះ មានចម្ងាយប្រមាណ ១០០ គម ។
– បានធ្វើការកាយស្រះ ( បាតស្ទឹងចាស់ ) ចំនួន ០៩ កន្លែង ដែលមានទំហំជាមធ្យមបណ្តោយ ១៥ ម, ទទឹង ០៧ ម និងជម្រៅ ២,៥០ ម ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ។
– ការងារអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវនៅក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ។
ខេត្តបន្ទាយមានជ័យ ៖
– បានធ្វើការកាយប្រឡាយនាំទឹកមកពីអាងទឹកស្ទឹងស្រែង ចូលក្នុងអាងត្រពាំងថ្ម ឲ្យបានកាន់តែឆាប់ ដើម្បីទ្រទ្រង់ដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជីវចម្រុះនៅក្នុងអាងទឹកត្រពាំងថ្ម ។ ដោយសារតម្រូវការប្រើប្រាស់ទឹកទៅលើការស្រោចស្រពស្រូវវស្សា ក៏ដូចស្រូវប្រាំងមានច្រើនលើសលុប បានធ្វើឲ្យទឹកក្នុងអាងត្រពាំងថ្ម ស្ទើតែនឹងរីង ដោយរដូវវស្សាកន្លងមក អាងត្រពាំងថ្ម ទទួលបរិមាណទឹកភ្លៀងតិចតួច ។
ខេត្តឧត្តរមានជ័យ ៖
– ដោយពិនិត្យឃើញពីស្ថានភាព នៃការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងពន្ធនាគារខេត្តឧត្តរមានជ័យ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ជាដំណោះស្រាយ សម្រាប់ការប្រើប្រាស់ទឹកនៅទីនោះ ក្រសួងបានឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកទឹកចំនួន ១០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់រថយន្តមានបំពាក់ស៊ីទែនទឹករបស់ក្រសួងដែលបានផ្តល់ឲ្យនាពេលកន្លងមក ។ នេះគឺជាការដោះស្រាយទឹកប្រើប្រាស់ចំពោះមុខ និងនៅក្នុងរដូវប្រាំងនេះ ។
– ដោយឡែកសម្រាប់ការដោះស្រាយទៅថ្ងៃអនាគត ឯកឧត្តម លឹម គានហោ សម្រេចផ្តល់ស្រះទឹកមួយកន្លែង ទំហំជាង ១ ហិកតា សម្រាប់ស្តុកទឹកប្រើប្រាស់ប្រចាំថ្ងៃនៅពន្ធនាគារខេត្តឧត្តរមានជ័យ ខណៈនៅទីនោះកំពុងជួបការខ្វះខាតទឹកជាខ្លាំង ។ ស្រះទឹកនេះ មិនត្រឹមតែអាចផ្គត់ផ្គង់ទឹកដល់ការប្រើប្រាស់នៅក្នុងពន្ធនាគារប៉ុណ្តោះទេ ទាំងកងទ័ព និងប្រជាពលរដ្ឋនៅតំបន់នោះ ក៏អាចប្រើប្រាស់បានគ្រប់គ្រាន់ផងដែរ ។
ខេត្តកំពង់ធំ ៖
– បានធ្វើការកាយស្រះ ( បាតស្ទឹងស្ទោង ) ចំនួន ១៥ កន្លែង ដែលមានទំហំជាមធ្យមបណ្តោយ ២០ ម, ទទឹង ០៨ ម និងជម្រៅ ០៣ ម ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង ។
ខេត្តព្រៃវែង ៖
– ខួងអណ្តូង សម្រាប់ផ្តល់ទឹកដល់ប្រជាពលរដ្ឋដែលជួបបញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំចំនួន ០៦ របស់ស្រុកមេសាង ចំនួន ១២ អណ្តូង ក្នុងនោះមានឃុំច្រេស ព្រៃរំដេង អង្គរសរ ត្រពាំងស្រែ ស្វាយជ្រុំ និងជីផុច ដោយមួយឃុំទទួលបានអណ្តូងចំនួន ០២ ។ បច្ចុប្បន្នប្រជាពលរដ្ឋកំពង់ទទួលទឹកពីអណ្តូងទាំងនោះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។
– អន្តរាគមន៍បូមទឹកសង្រ្គោះស្រូវចំនួន ៣២០ ហិកតា នៅឃុំមេសរប្រចាន់ ស្រុកពារាំង ដោយបូមពីទន្លេតូច បញ្ចូលបឹងទ្រាំង ដើម្បីឲ្យកសិករបូមបន្តបញ្ចូលស្រែ ។
– អន្តរាគមន៍បូមទឹកសង្រ្គោះស្រូវចំនួន ៩៥ ហិកតា នៅចំណុចអូរអំពាន់ ស្ថិតនៅភូមិឃុំ ព្រែកមេបុណ្យ ស្រុកស្វាយអន្ទរ ដោយយកទឹកពីអាងទឹកស្នេហ៏ ។
ខេត្តព្រះវិហារ ៖
– ដោយខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ស្ថិតក្នុងសង្កាត់បាលហាល ក្រុងព្រះវិហារ ឯកឧត្តម លឹម គានហោ បានសម្រេចផ្តល់អណ្តូងទឹកខ្នាតធំចំនួន ០១ កន្លែង និងបានដាក់ឲ្យធ្វើការប្រើប្រាស់ជាប្រចាំថ្ងៃក្នុងពន្ធនាគារ ។

ខេត្តប៉ៃលិន ៖
– ដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយប្រើប្រាស់រថយន្ត មានបំពាក់ស៊ីទែនទឹក របស់ក្រសួងដែលបានផ្តល់ឲ្យនាពេលកន្លងមក ។
ខេត្តកោះកុង ៖
– ដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយប្រើប្រាស់រថយន្តមានបំពាក់ស៊ីទែនទឹករបស់ក្រសួង ដែលបានផ្តល់ឲ្យនាពេលកន្លងមក ។ បច្ចុប្បន្ន ការដឹកជញ្ជូនទឹកត្រូវបានផ្អាក ដោយសារ បណ្តាញទឹកស្អាត ត្រូវបានតភ្ជាប់ឡើងវិញ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print