អីរ៉ង់បង្កើនការធ្វើសមយុទ្ធ នៅតំបន់សមុទ្រ ដឹកជញ្ជូនប្រេងដ៏សំខាន់

ចែករំលែក៖

អីរ៉ង់បានបង្កើនសមត្ថភាព កម្លាំងទាហាននៅគ្រប់វិស័យ ទាំងទាហានជើងទឹក ជើងគោក​និង​ជើងអាកាស​ ដោយកន្លងមក អ៊ីរ៉ង់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ទាំងជើងគោកនិង អាកាស ។ នៅពេលនេះអ៊ីរ៉ង់បានពង្រឹង សម្ថភាព ការពារ ដែនសមុទ្រវិញម្តង ដោយបានចាប់ផ្តើមធ្វើសមយុទ្ធកម្លាំងទាហានជើងទឹក រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២២ខែកុម្ភៈនេះ ក្នុងតំបន់ដ៏ធំមួយនៃឈូងសមុទ្រពែក្សនិងមហាសមុទ្រឥណ្ឌាក្នុងនោះមានទាំង ច្រកដឹកជញ្ជូនសកលលោកដ៏រសើប។

មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោកឧត្តមនាវីឯក ហូសសេន ខាន់ហ្សាឌី បាននិយាយថា “សមយុទ្ធនេះនឹងត្រូវធ្វើឡើងនៅច្រកសមុទ្រហ័រមូស ឆ្នេរម៉ាក្រាន់ សមុទ្រអូម៉ង់ និងភាគខាងជើងនៃមហាសមុទ្រឥណ្ឌា ដោយគ្របដណ្ដប់លើផ្ទៃទឹកប្រមាណពីរលានគីឡូម៉ែត្រការ៉េនិងបន្តធ្វើរយៈពេលបីថ្ងៃ”។លោកបន្តទៀតថា សមយុទ្ធនេះមានគោលដៅវាយតម្លៃឧបករណ៍របស់កងទ័ពជើងទឹក អនុវត្តការបាញ់ និង”ជួយឱ្យកងទ័ពត្រៀមខ្លួនសម្រាប់សមរភូមិពិត”។
ច្រកសមុទ្រហ័រមូសនៅមាត់ឈូងសមុទ្រពែក្សគឺមានសារៈសំខាន់ណាស់ចំពោះការផ្គត់ផ្គង់ថាមពលសកលលោក ជាមួយការដឹកជញ្ជូនប្រេង១ភាគ៣របស់ពិភពលោកគឺឆ្លងកាត់វារៀងរាល់ថ្ងៃ។
ការបង្ហាញសាច់ដុំយោធានេះកើតឡើងនៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយនឹងគូប្រជែងប្រចាំតំបន់ដ៏សំខាន់របស់អ៊ីរ៉ង់គឺអារ៉ាប៊ីសាអូឌីតនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលកាលពីឆ្នាំមុនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់និងបានដាក់ទណ្ឌកម្មឡើងវិញលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ។
ច្រកសមុទ្រហ័រមូសគឺជាផ្លូវឆ្លងកាត់អន្ដរជាតិ ដែលកងកម្លាំងអាមេរិកឆ្លងកាត់ជាប្រចាំ ហើយជាកន្លែងដែលឃើញភាពតានតឹងរវាងពួកគេនិងកងកម្លាំងអ៊ីរ៉ង់កាលពីពេលកន្លងទៅ។
ដោយមានឈ្មោះថា Velayat 97 សមយុទ្ធនេះនឹងបង្ហាញនូវនាវាមុជទឹក នាវាចម្បាំង ឧទ្ធម្ភាគចក្រ និងដ្រូនរបស់អ៊ីរ៉ង់។ នេះបើយោងតាមលោកឧត្តមនាវីឯក ហូសសេន ខាន់ហ្សាឌី។
លោកខាន់ហ្សាឌីបានបន្ថែមថា ការធ្វើសមយុទ្ធនេះក៏នឹងរួមបញ្ចូលការបាញ់មីស៊ីលពីនាវាផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print