ខេត្តកណ្តាល៖ ដោយក្តីស្រឡាញ់ ពេញចិត្ត ពេញថ្លើម ភាគីខាងកូនកម្លោះប្រកបដោយចិត្តទូលាយ គឺអោយថ្លៃទឹកដោះទៅខាងកូនក្រមុំនូវទឹកប្រាក់ចំនួន ១០មុឺនដុល្លារ និងឡានឡិចសុីស៥៧០ មួយគ្រឿងទៀត ល្បីពេញខេត្តកណ្តាល និងខេត្តព្រៃវែងថា ៖ ភាគីកូនក្រមុំ ធ្វើបុណ្យដាក់បាត សន្សំកុសល សាងអំពើល្អច្រើន ទើបទទួលបាននូវកុសល ជាតិនេះនាងមានភ័ព្វសំណាង បានគូជីវិត មានបុណ្យស័ក្តិយស តួនាទី មានទ្រព្យសម្បត្តិស្តុកស្តម និងមានទឹកចិត្តដៃទូលាយយ៉ាងនេះ។
ករណីនេះក៏ក្លាយទៅជាកក្រើកផងដែរ មានអ្នកសសើរផង មានអ្នករិៈគន់ផង ដោយគេលើកឡើងរបៀបសង្ស័យថា៖ លោកស្នងការរងខេត្តកណ្តាល កន្លងទៅបានជាប់ព័ន្ធនិងមុខរបរមិនប្រក្រតី លើអាជីវកម្មបើកផ្ទះសំណាក់ បានជួលអោយក្រុមប្រើប្រាស់ និងក្រុមជួញដូរគ្រឿងញៀនស្នាក់នៅ ជាអំពើខុសឆ្គងនិងផ្លូវច្បាប់ ប៉ុន្តែគាត់នៅតែមានតួនាទីបុណ្យស័ក្តិ ឈានដល់ប្រកបមុខរបរនេះជោគជ័យ។ ដូច្នេះត្រឹមភ្ជាប់ពាក្យអោយថ្លៃទឹកដោះ ១០មុឺនដុល្លារ និងឡានឡិចសុីស៥៧០ មួយគ្រឿង ដល់ខាងកូនក្រមុំ មិនជាបញ្ហាអីត្រូវចោទទេ។
ចំនួនទឹកប្រាក់ដ៏ច្រើននេះបានក្លាយជាការភ្ញាក់ផ្អើលដល់មហាជន ខណៈអ្នកឯទៀតអាចផ្តល់លើសពីក៏មាន គ្រាន់តែគេមិនបង្ហាញអួតអាងចេញជាសាធារណៈ។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល គាត់មិនលាក់លៀមរឿងនេះទើប កើតចេញនូវមតិសសើ មតិរិៈគន់ទន្ទឹមគ្នា ជាមួយនិងការបង្ហោះពីករណីភ្ជាប់ពាក្យគាត់អោយថ្លៃទឹកដោះ ១០មុឺនដុល្លារ និងឡានឡិចសុីស៥៧០ មួយគ្រឿង ដល់ខាងកូនក្រមុំ ល្បីព្រោងព្រាត រំលែកចែកតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក។
គួរំលឹកថា៖ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ការិយាល័យ(ក៨) សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តកណ្តាល និងកម្លាំងនគរបាលអធិការក្រុងតាខ្មៅ បានធ្វើការចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់របស់លោកស្នងការរង ឃាត់ខ្លួនម នុស្សប្រុស ស្រី ជាមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនជាច្រើននាក់ រួមនិងថ្នាំញៀនជាច្រើនបញ្ជូនទៅសាលាដំបូង ។ ប៉ុន្តែមិនបានប៉ុន្មានខែផង ស្ងាត់ៗស្រាប់តែលោកស្នងការរងធ្វើអោយមហាជន ភ្ញាក់ផ្អើលដោយ ភ្ជាប់ពាក្យជាមួយកូនក្រមុំដ៏ក្មេងខ្ចីស្រីស្រស់ស្អាតសោភា និងជូនខាងស្រី ១០ម៉ឺនដុល្លារ និងរថយន្តឡិចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃជាង២២ម៉ឺនដុល្លារអាមេរិកថែមទៀត ពិតជាមិនធម្មតាមែន។
ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ជាមួយកញ្ញាស្រស់សោភាក្មេងខ្ចីនេះ បានធ្វើឡើងនៅផ្សារអ្នកលឿង (ត្រើយខាងកើត) ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើអោយមហាជន និងអ្នកជិតខាង លាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាថា លោកស្នងការរងអីក៏មានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ និងរកសុីអី ឬក៏មានកេរ្តិ៍អាករ ពីសាច់ញាតិក្រុមគ្រួសារជាសាច់ឈាមអភិជន.?
លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ត្រូវបានគេដឹងថា៖ គាត់ជាមនុស្សប្រុស១រូបមានសំណាងជាងបុរសផ្សេងៗ ខណៈមានឱកាសយកភរិយាបានច្រើន និងបានរៀបការតាមប្រពៃណី លែងលះគ្នាជាបន្តបន្ទាប់ ហើយពិធីភ្ជាប់ពាក្យនេះគឺជាគូភរិយាទី៤របស់គាត់ ដោយមិនដឹងថាត្រូវបញ្ចប់ត្រឹមហ្នឹងឬមួយយ៉ាងណា៕
ដោយ៖ ឆដា