ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតវគ្គជម្រុះទាំង ៦តំបន់ នៅទូទាំងប្រទេសហើយគិតត្រឹមថ្ងៃទី៨ខែធ្នូឆ្នាំ២០១៥ ក្រោយពីសម្រាំងបានកីឡាករដែលមានថ្វីដៃខ្លាំងៗចំនួន១៦ក្រុមដើម្បីបន្តដំណើរទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីបុណ្យសមុទ្រដែលនឹងប្រារព្ធ ធ្វើ នៅថ្ងៃទី១១ដល់ថៃ្ងទី១៣ខែធ្នូឆ្នាំ២០១៥លើទឹកដីខេត្តកំពត ក្នុងនោះក្រុមដែលរកបានចុងក្រោយគេ នៅតំបន់ទី ៦មានក្រុម Team Standardតំណាងខេត្តព្រះ សីហនុ និង BattleFight តំណាងឲ្យខេត្តកំពត។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងថា ក្រុមខ្លាំងទាំង២ដែលសម្រាំងបានពីការប្រកួតជម្រុះនៅតំបន់ទី៦ គឺក្រុម Team Standard និង BattleFight បន្ទាប់ពីពួកគេឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងតំបន់ចុងក្រោយគេ ដែលមានសមាសភាពកីឡាករ មកពី ខេត្តព្រះសីហនុ , កំពត, កោះកុង, កំពង់ស្ពឺ និងខេត្តតាកែវ បានបញ្ចប់កាលពីថ្ងៃអង្គារទី៨ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។
លោកបានបន្តទៀតថា ក្រុមទាំង១៦សម្រាប់ឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រមានដូចជាតំបន់ទី១- ក្រុម You Will Know និង Over Come, តំបន់ទី២- ក្រុមTiger GNX និង Five Furious, តំបន់ទី៣-ក្រុម Team Orn70n, Five Dragon និង The Chance, តំបន់ទី៤- ក្រុមNever Car, Will Show និង Five G-Mission, តំបន់ទី៥-ក្រុម Vfriend, Zers, Immortal និង Five Military និង តំបន់ទី៦- ក្រុមTeam Standard និង Battle Fight ។
លោកលន់ សាមឌីបញ្ជាក់ថា ចំពោះលទ្ធផលនៃការប្រកួតកន្លងទៅ ក្រុមទាំង១៦ខាងលើនៅមិនទាន់ដឹងថា ក្រុមណាមួយជាជើងឯកប្រចាំតំបន់នៅឡើយទេ ដោយរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងពិធីបុណ្យសមុទ្រជាមុនសិន។ ចំពោះរូបមន្តប្រកួតនៅថ្ងៃទី១១-១២ ខែធ្នូនៅខេត្តកំពតនោះ គណៈកម្ម ការត្រូវបែងចែកជា២វគ្គទី១- ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកប្រចាំតំបន់នីមួយៗជាមុនសិន។ វគ្គទី២-ក្រុមទាំង១៦ត្រូវ បែងចែកជាពូល សម្រាប់ប្រកួតដណ្តើមយកពានរង្វាន់ E- Sports ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៥។
គូរបញ្ជាក់ថា ចំពោះប្រាក់រង្វាន់ដែលជ័យលាភីទទួលបានជើងឯកប្រចាំតំបន់ លេខ១ថវិកាចំនួន១.៥០០ដុល្លារនិងក្រុមលេខ២ទទួលបានថវិកាចំនួន១ពាន់ដុល្លារ។រីឯជ័យលាភីជាម្ចាស់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៥ ចំណាត់ថ្នាក់លេខ១ទទួលបានថវិកាចំនួន៣ពាន់ដុល្លារ, ក្រុមលេខ២ទទួលបានថវិកាចំនួន២ពាន់ដុល្លារនិងក្រុមលេខ៣ទទួលបានថវិកាចំនួន៥០០ដុល្លារ។ លើសពីនេះទៅទៀត ក្រុមជើងឯកថ្នាក់ជាតិចំនួន២ក្រុមត្រូវចេញប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC នៅខែមករា ឆ្នាំ២០១៦ នៅប្រទេសឥណ្ឌូណេស៊ីតំណាងឲ្យប្រទេសកម្ពុជា៕
ដោយ៖ សារីម