គីមជុងអ៊ុនបានមកដល់ប្រទេសវៀតណាមហើយ ចំណែក លោកត្រាំក៏បានឡើងយន្តហោះ សម្តៅទៅវៀតណាមផងដែរ

ចែករំលែក៖

ប្រទេសវៀតណាម៖ ក្រោយការធ្វើដំណើររយៈពេល​៣ថ្ងៃ​នៅទីបំផុត រថភ្លើងរបស់មេដឹកនាំគីមជុងអ៊ុន បានមកដល់ ទឹកដីវៀតណាមហើយនៅព្រឹកថ្ងៃទី​២៦ខែកុម្ភៈ ដើម្បីចូលរួមកិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតីអាមេរិកនៅក្នុងប្រទេសវៀតណាម​។
នៅទីក្រុងហាណូយ​មេដឹកនាំកូរ៉េខាងជើង និង មានជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាលត្រាំ​នាថ្ងៃទី​២៧និង​២៨ខែកុម្ភៈ។
លោកគីមជុអ៊ុន បានទៅដល់ស្ថានីយ៍រថភ្លើង Dong Dang ​ខេត្ត Lang son ​ប្រទេសវៀតណាមនៅវេលាម៉ោង​៨និង​១០នាទីព្រឹកថ្ងៃទី​២៦ខែកុម្ភះនេះ​ ដោយមានមន្ត្រីជាន់ខ្ពស់ វៀតណាមជាច្រើន​រូប និងប្រជាពលរដ្ឋ ទៅទទួលស្វាគមន៍។
ក្រោយចុះពីរថភ្លើង លោកគីមជុអ៊ុន បានឡើងទៅលើរថយន្ត ដោយមានអង្គរក្ស១២នាក់អមការពារ ។ លោកគីមជុងអ៊ុននឹងបន្តដំណើរទៅកាន់ទីក្រុង ហាណូយដោយរថយន្ត ។
នៅពេលនេះដែរ ប្រធានាធិបតី​អាមេរិក លោកត្រាំបានឡើងយន្តហោះ ដ៏ទំនើបរបស់ខ្លួន កាលពីរសៀលថ្ងៃទី​២៥ខែកុម្ភៈឆ្ពោះទៅកាន់ ប្រទេសវៀតណាម​ដើម្បីចូលរួម​កិច្ចពិភាក្សាលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ​បរមាណូ ដោះដូរនិងការលុប ទណ្ឌកម្មសេដ្ឋកិច្ច ។

លោកត្រាំធ្លាប់បានលើកឡើងថា ប្រសិនបើ កូរ៉េខាងជើង រំសាយអាវុធបរមាណូនោះ​ កូរ៉េខាងជើងបន្តិចម្តងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយជាក់ជាមិនខាន ។ សូមបញ្ជាក់ថា មេដឹកនាំប្រទេសទាំងពីរ ធ្លាប់បានជួបគ្នាមួយដងរួចមកហើយកាលពីខែមិថុនា ឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុរី ។
កាលជំនួបលើកទីមួយនោះ ភាគីទាំងពីរមិនទាន់យល់ស្របទៅលើបញ្ហាជាច្រើន ទាក់ទងការរំសាយអាវុធនុយក្លេអ៊ែរ ហើយនិងការធានាសុវត្ថិភាពរបស់កូរ៉េខាងជើង រហូតមកដល់ពេលនេះ ក៏មានការជំនួបប្រជុំកំពូលជាលើកទី២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោកគីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងបាញ់មិនធ្លុះ ឆ្លងកាត់ប្រទេសចិន ទើបទៅដល់ព្រំដែនវៀតណាម រួចជិះរថយន្តរាប់រយគីឡម៉ែត្រទៀត ទើបទៅដល់ទីកន្លែងប្រជុំ ។ លោកគីម ជុងអ៊ុន ធ្វើដំណើរជាមួយប្អូនស្រីបង្កើតម្នាក់ និងអតីតមេទ័ពម្នាក់ផងដែរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print