ខេត្តកណ្តាលៈ ដើមឈើប្រមាណ២២០០ដើមរងការដុតបំផ្លាញពីសំណាក់ជនមិនស្គាល់មុខ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ នៅត្រង់ចំណុចដើមស្នាយ ស្ថិតក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ។
ដើមឈើដែលរងការដុតបំផ្លាញនោះជាប្រភេទដើម ប្រេងខ្យល់ចំនួន១៥០០ដើម ,ដើមគគីរចំនួន៥០០ដើម និងដើមស្វាយចំនួន២០០ដើម ។ ដើមឈើទាំងអស់នេះដាំនៅលើផ្ទៃដី៤ហិកតា ជាកម្មសិទ្ធរបស់ឈ្មោះ ឈុំ ឈួន ហៅតាសុខ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរ ជាកសិករ រស់នៅក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា នៅមុនពេលកើតមានករណីភ្លើងឆេះដើមឈើទាំងអស់ខាងលើនេះ មានជនមិនស្គាល់មុខសសេរអក្សបិទជាប់នៅនឹងដើមឈើដោយគម្រាមថានិងដុតបំផ្លាញដើមឈើក្នុងចំការ ព្រមទាំងសម្លាប់ម្ចាស់ចំការទៀតផង ។ បន្ទាប់ពីឃើញដូច្នេះជនរងគ្រោះជាម្ចាស់ចម្ការបានប្តឹងសមត្ថកិច្ចនគរបាលស្រុកស្អាង ឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ ខណៈរកមិនទាន់ឃើញជនមិនស្គាល់មុខដែលសសេរអក្សគម្រាមនោះផង ក៏ស្រាប់តែមានករណីអគ្គីភ័យឆាបឆេះដើមឈើទាំងនោះនៅវេលាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥នេះ ។
ប្រភពដដែលបានបន្តថា ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលអាជ្ញាធរ ភូមិ/ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់បានសហការគ្នាជួយពន្លត់ភ្លើងដែរ មិនអាចពន្លត់បាននោះទេព្រោះភ្លើងឆាបឆេះពេញបន្ទុកទៅហើយ ដោយសារតែនៅក្នុងចម្ការនោះសម្បូរទៅដោយស្មៅងាប់ ហើយឡានពន្លត់អគ្គីភ័យក៏មិនអាចចូលបាន ។ ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ ពោលបានត្រឹមតែធ្វើឲ្យដើមឈើប្រមាណ២២០០ដើមរងការឆាបឆេះទាំងស្រុង ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕ស្អាងជ័យ