ទីក្រុងវ៉ាសុីនតោន៖ អាមេរិកបន្តសកម្មភាពដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ ក្រោយពេលដែលបរាជ័យក្នុងការបញ្ចុះបញ្ចូលអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មទៅលើ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ដោយសារតែការជំទាស់ពីប្រទេសរុស្ស៊ីនិងចិន ជាដើម។
នៅពេលនេះ អាមេរិកបានបង្កើនដាក់ទណ្ឌកម្ម លើទិដ្ឋការមន្ត្រីជាន់ខ្ពស់ ៤៩រូបរបស់ប្រធានាធិបតីម៉ាឌូរ៉ូ។ អាមេរិកបានសម្រេច ដកហូតទិដ្ឋាការ ទាំងអស់ ដល់មន្ត្រីស្និទនិងប្រធានាធិបតី។ការដកហូតទិដ្ឋាការរបស់អាមេរិកនេះ គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងប្រធានាធិបតីវេណេហ្ស៊ុយអេឡា Micolas Maduro ឲ្យចេញពីអំណាច ។ មន្ត្រីយោធាកំពូលៗដទៃជាច្រើនរូបទៀត ក៏ត្រូវអាមេរិកដកហូតទិដ្ឋាការបែបនេះផងដែរ ។
ក្រសួងការបរទេសអាមេរិក បានព្រមានថា អាមេរិក នឹងបន្តពិនិត្យមើលសកម្មភាពសមស្របដើម្បីប្រឆាំង Maduro និងបក្ខពួកដែលប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ ហើយគាំទ្រគាត់នោះ ។
សូមបញ្ជាក់ថា ស្ថានការណ៍ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ពីមួយថ្ងៃទៅមួយថ្ងៃ កំពុងតែឆ្ពោះទៅរកមាត់រណ្តៅមរណៈ ខណៈដែលភាគីរដ្ឋាភិបាល និងខាងក្រុមប្រឆាំង លោក Juan Guaidó មិនព្រមចរចាគ្នា ដោះស្រាយនយោបាយដោយសន្តិវិធី។
លោក Juan Guaidó បានប្រកាសខ្លួនឯងជាប្រធានាធិបតីវេណេហ្ស៊ុយអេឡាបណ្តោះអាសន្ន ដោយមានអាមេរិក និងសម្ពន្ធមិត្តមួយចំនួនគាំទ្រពីក្រោយខ្នង បានទាមទារឲ្យលោក Nicolas Maduro ចុះចេញពីអំណាច និងទាមទារឲ្យបោះឆ្នោតឡើងវិញ ។ លោក Maduro បានចាត់ទុកទង្វើរបស់បក្សប្រឆាំង និងអាមេរិកថា ប៉ុនប៉ងរដ្ឋប្រហារ និងប្រកាសប្តេជ្ញាមិនចុះចេញពីអំណាជាដាច់ខាត ។
នៅពេលនេះដែរ វេណេហ្ស៊ុយអេឡា បានចោទប្រកាន់ អាមេរិកកំពុងតែធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសកាន់តែតានតឹងដោយសារតែ លូកដៃ និង ដាក់ទណ្ឌកម្ម ព្រមទាំងគំរាម ប្រើប្រាស់កម្លាំងយោធាទៀតផង។
ប្រមុខការទូតវ៉េណេស៊ុយអេឡាលោក ហ្សក អារ៉េហ្សា បានបរិហារពីការលូកដៃរបស់សហរដ្ឋអាមេរិកដោយប្រើទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមប្រើកម្លាំងទ័ព។ តាមលោកអារ៉េហ្សា គឺទណ្ឌកម្មសេដ្ឋកិច្ចដែលបានធ្វើឲ្យប្រទេស និងប្រជាជនវ៉េណេស៊ុយអេឡាស្គាល់ស្ថានភាពសេដ្ឋកិច្ចដូចសព្វថ្ងៃ។ លោកហ្សក អារ៉េហ្សាបានបន្ថែមថា វ៉េណេស៊ុយអេឡាមិនបដិសេធជំនួយមនុស្សធម៌តាមរយៈទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទេ និងរម្លឹកពីឆន្ទៈចង់មានកិច្ចសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
« គ្រប់ការបង្ខិតបង្ខំទាំងអស់ ទោះបីធ្វើឡើងក្រោមរូបភាពជាយោធា ឬសេដ្ឋកិច្ច មិនត្រូវយកទៅប្រើប្រាស់ដើម្បីឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុងរដ្ឋអធិបតេយ្យណាមួយជាដាច់ខាត។ សូមរម្លឹកជាថ្មីនៅទីនេះថា ការប្រើទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់មហាអំណាចបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលមួយដែលជាប់ឆ្នោត គឺជាទង្វើរំលោភបំពានច្បាប់អន្តរជាតិ។
នៅពេលនេះដែរ មេបក្សប្រឆាំងដែលតាំងខ្លួនជាប្រធានាធិបតីបាន បណ្តោះអាសន្ន លោក Guaido ដែលបានចេញទៅក្រៅប្រទេសស្វែងរកការគាំទ្រ បានប្តេជ្ញានឹងវិលត្រឡប់មកកាន់ប្រទេសវិញ បើទោះបីមានការគំរាមកំហែងពីរបបរបស់លោកប្រធានាធិបតី Nicolas Maduro ក៏ដោយខណៈដែលលោកនៅតែបន្តដំណើរទស្សនកិច្ចសម្ព័ន្ធមិត្តក្នុងតំបន់ដើម្បីប្រមូលការគាំទ្រពីអន្តរជាតិ។
លោក Guaido ដែលត្រូវបានទទួលស្គាល់ជាប្រធានាធិបតីបណ្តោះអាសន្នដោយបណ្តាប្រទេសជាង៥០បានជួបជាមួយប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីរសៀលថ្ងៃព្រហស្បតិ៍ខណៈមេដឹកនាំប៉ារ៉ាហ្គាយលោក Mario Abdo បានប្រកាសថា លោក Guaido នឹងស្ថិតនៅក្នុងទីក្រុង Asuncion នៅថ្ងៃសុក្រ។
បន្ទាប់ពីបានបំពានបម្រាមធ្វើដំណើររបស់របបលោក Maduro , លោក Guaido បានទៅដល់ប្រទេសកូឡុំប៊ីកាលពីថ្ងៃសុក្រមុនដែលនៅទីនោះលោកបានជួបលោកប្រធានាធិបតី Ivan Duque, អនុប្រធានាធិបតីអាមេរិកលោក Mike Pence, លោក Abdo និងលោក Sebastian Pinera នៃប្រទេសឈីលី។
លោក Guaido បានស្នាក់នៅក្នុងប្រទេសកូឡុំប៊ីដើម្បីព្យាយាមបង្ខំឲ្យជំនួយមនុស្សធម៌ដែលត្រូវការជាចាំបាច់ឲ្យចូលទៅក្នុងប្រទេសវេណេហ្ស៊ូអេឡាប៉ុន្តែត្រូវបានរាំងស្ទះដោយការបិទផ្លូវរបស់យោធាតាមបញ្ជារបស់លោក Maduro។
លោក Guaido បាននិយាយជាមួយលោក Bolsonaro ថា “ខ្ញុំបានទទួលការគំរាមកំហែងប្រឆាំងនឹងរូបខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំហើយក៏ត្រូវគំរាមកំហែងដាក់ពន្ធនាគារដោយរបបផងដែរ”។
ប្រទេសវេណេហ្ស៊ូអេឡាត្រូវរងគ្រោះដោយវិបត្តិមនុស្សធម៌ដែលបណ្តាលឲ្យភាពក្រីក្រកើនឡើងខណៈមនុស្សរាប់លាននាក់បានជួបប្រទះនឹងបញ្ហាកង្វះស្បៀងអាហារនិងថ្នាំពេទ្យ៕
ដោយ៖ មែវ សាធី