ការដឹកឈើនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ធ្វើឡើងជាចំហរ និងដោយសេរី ស្មើមានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ គេធ្លាប់ឃើញប្រជាពលរដ្ឋដឹកស្រូវអង្ករជាចំហរ ប៉ុន្តែនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សកម្មភាពដឹកជញ្ជូនឈើគ្រប់ប្រភេទ ក៏គេធ្វើឡើងជាចំហរទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេង និយាយរួមទៅ វាហាក់ដូចជាមិនមែនជាទង្វើខុសច្បាប់ ។ ក្រុមអ្នករកស៊ីដឹកឈើ បានអះអាងប្រាប់អ្នកកាសែតជាចំហរថា «បើមិនប្រាប់គេមុន ធ្វើម៉េចចេញរួចពូ!» ។ «គេ» គឺសម្តៅទៅលើមេព្រៃប្រចាំនៅស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ ដែលនៅទីនោះដឹកនាំដោយលោក ពាក្យ មនោ នាយសង្កាត់លាច និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ ។

សកម្មភាពដូចក្នុងរូបភាពនេះ គឺស្ថិតនៅចំណុចទឹកល្អក់ នៃភូមិប៉ែន ឃុំលាច, ភូមិក្សេត្របុរី ឃុំសន្ទ្រែ, ភូមិសាយ ឃុំព្រងិល… ស្ថិតក្នុងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ ។ ឈើគ្រប់ប្រភេទជាពិសេសឈើបកសម្បក ដែលបានមកពីការកាប់ឈើនៅខ្ចីៗ ទំហំមួយតឹក ទៅបីតឹក ត្រូវបានគេដឹកតាមគោយន្តកន្ត្រៃ និងរថយន្តកែច្នៃ ។ នៅទីនេះ គឺស្ថិតក្នុងស្រុកភ្នំក្រវាញ សកម្មភាពនៃការដឹកជញ្ជូនឈើ ពួកឈ្មួញបានទូរស័ព្ទទាក់ទងជាមួយមន្ត្រីជំនាញរដ្ឋ​បាលព្រៃឈើ ដែលមានលោកពាក្យ មនោ និងលោកសួស សុផានិត ជាមេខ្លោង ។

ក្រុមអ្នកដឹកឈើអះអាងថា ចេញពីដើមទីរហូតដល់ចុងទី ត្រូវចំណាយយ៉ាងហោចណាស់មួយគោយន្ត២លាន​រៀល ឬប្រហាក់ប្រហែល៥០០ដុល្លារ ។ ក្រុមមន្ត្រីព្រៃឈើមិនបាច់ចេញមុខមកឈរយកលុយពីពួកអ្នករកស៊ីដឹកឈើនោះទេ គឺគ្រាន់តែទូរស័ព្ទប្រាប់មុន ជាការស្រេច ។ លោក សួស សុផានិត ត្រូវគេអះអាងថា បាននិងកំពុងឈរជើងនៅឃុំរកាតឯណោះ ។

ការដឹកជញ្ជូនឈើប្រៀបដូចក្បួនកឋិនទាន ដែលក្នុងនោះ រ៉ឺម៉កដឹកឈើមួយគ្រឿងអាចផ្ទុកឈើបានរហូតដល់៨​ម៉ែត្រគូប ។ រថយន្តកែច្នៃ ឬគោយន្តបន្តកន្ទុយគ្នាធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចរអែងច្បាប់ទម្លាប់ស្រុកទេសអ្វីឡើយ ។ និយាយរួមទៅ នៅទូទាំងខេត្តពោធិ៍សាត់ តំបន់ដែលមានព្រៃឈើ គឺគេកាប់បំផ្លាញ និងដឹកជញ្ជូនជាចំហរ ហើយវាក៏ជាទម្លាប់ទៅហើយដែរ ។

នៅស្រុកភ្នំក្រវាញ លោកសួស សុផានិត និងលោកពាក្យ មនោ ត្រូវបានអ្នករកស៊ីដឹកឈើទាំងនោះអះអាងថា គ្មាននរណាមួយអាចគេចពីកណ្តាប់ដៃគាត់បានទេ ប្រសិនបើរួចមួយជើង ថ្ងៃក្រោយ នឹងជួបរឿងអាក្រក់មិនខានឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print