ភ្នំពេញ:យុវជនម្នាក់ដែលគេស្គាល់ថា ជាមនុស្សប្រើប្រាស់ថ្នាំញៀនវង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯង អត់ផ្ទះសំបែង រស់នៅតាមចញ្ជើមផ្លូវ មិនដឹងមកពីណា ដើររើសនេះរើសនោះ តាមសួនច្បារសាធារណៈ ហើយដើរទៅយករបស់របរយុវជនប្រុសស្រីមួយក្រុម គេទ្រាំមិនបាន ព្រួតវាយម្នាក់មួយដៃមួយជើង។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើលកាលពីម៉ោងជិត៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវសុធារស ត្រង់ចំណុចសួនច្បារមុខវត្តបុទុម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីបុរសម្នាក់ជាអ្នកលក់ដូរនៅជិតទីតាំងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជាមនុស្សប្រើប្រាស់ថ្នាំញៀនវង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯង អត់ផ្ទះសំបែង មិនដឹងមកពីណា ដើររើសសំរាមតាមទីសាធារណៈ នៅក្បែរហ្នឹងកន្លែងកើតហេតុ បានដើរទៅវិញទៅមក រើសនេះរើសនោះ ហើយថែមទាំងដើរទៅរើសយករបស់របរយុវជនប្រុសស្រីមួយក្រុម កំពុងអង្គុយញាំអី នៅតាមសួនច្បារ ដោយលើកទី១ ឃើញក្រុមយុវជនទាំងនោះ គ្រាន់តែស្រែក ដើម្បីកុំឲ្យយុវជនរូបនេះ មកយករបស់របរពួកគេទៀត។
ប្រភពបន្តថា យុវជនរូបនេះនៅតែមករញ៉េរញ៉ៃអុកឡុកពួកគេទៀត ទើបធ្វើឲ្យគេព្រួតវាយម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន នាំគ្នាចុះទៅផ្ដិតយករូបភាព និងសួរនាំនៅកន្លែងកើតហេតុ ហើយក្រុមយុវជនប្រុសស្រីទាំងនោះ ក៏បានឡើងជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយមកទើបឃើញសមត្ថកិច្ចចុះមកពិនិត្យមើលជាក់ស្តែង រួចដេញឲ្យជនប្រើថ្នាំញៀនវង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯងនោះ ដើរចេញពីកន្លែងកើតហេតុបាត់ទៅ៕ជ្រោយពេជ្រ