ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ៣ ខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាល ការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១៣នាក់ នៅទីតាំងលេងល្បែងចាក់កន្ទុយលេខមួយកន្លែង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំនុចផ្ទះលេខ៧B ផ្លូវ២៣៣ ក្រុមទី១៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌ ទួលគោក។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនអ្នកកត់កន្ទុយលេខ និងអ្នកចាក់ទាំង១៣នាក់នេះ គឺមានប្រុស៤នាក់ ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ អ៊ុយ លីអ៊ន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកត់កន្ទុយលេខ ស្នាក់នៅផ្ទះកើតហេតុផងដែរ ។
ប្រភពដដែលបន្តថា ក្រៅពីការឃាត់មនុស្ស១៣នាក់ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន សម្ភារកត់កន្ទុយលេខ, ប្រាក់រៀល២.៦០០.០០០រៀល, ប្រាក់ដុល្លារ ៣៩០ដុល្លារ និងម៉ាស៊ីនព្រីន ០១គ្រឿង ។
បច្ចុប្បន្នវត្ថុតាង និងមនុស្ស១៣នាក់ត្រូវបានបញ្ជូនទៅការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សហការី