ផឹកទាល់តែគេសែង ផឹកដើរលែងរួចខ្លួនឯងដេកតាមផ្លូវ ត្រូវលោកចោរឆ្លៀតលួចដោះយកខ្សែដៃ

ចែករំលែក៖

ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ស្រវឹងជោកជាំ បើកបរទៅមុខលែងរួច ក៏ឈប់ម៉ូតូកង់បីនៅលើចិញ្ចើមផ្លូវដេកលង់លក់ ក៏ត្រូវជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួយដោះយកខ្សែដៃបានសម្រេចតែរត់មិនរួច ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៤៖២០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងលិចអតិតករង្វង់មូលកាំខូស៊ីតធី តាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន មករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី Pass app ស្នាក់នៅផ្ទះជួលផ្លូវ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែ។ ចំណែកជនសង្ស័យឈ្មោះ វ៉ាន់ សារុំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ រត់ម៉តូឌុប ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន)។

បើតាមសម្តីពីបុរសម្នាក់ សូមមិនបញ្ចេញឈ្មោះដែលជាអ្នកបើករថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកសម្ភពពន្លឺ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសរងគ្រោះខាងលើ បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីលិចទៅកើត ដោយក្នុងស្ថានភាពស្រវឹងជោកជាំ។ លុះមកដល់ចំណុចកើតហេតុ បុរសរងគ្រោះក៏បានឈប់ម៉ូតូកង់បីអែបទៅចិញ្ចើមផ្លូវ រួចក៏ដេកលង់លក់នៅលើម៉ូតូកង់បីនោះតែម្តង។

កន្លះម៉ោងក្រោយមក ក៏ស្រាប់តែមានជនសង្ស័យខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-3721 មកឈប់ក្បែរម៉ូតូកង់បីរបស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពលួច​ដោះយកខ្សែដៃ ផ្លាកទីន១ខ្សែ ដែលមានតម្លៃជិត៥០០ដុល្លារ ពីដៃរបស់ជនរងគ្រោះបានសម្រេច។ ភ្លាមៗនោះគាត់ក៏ធ្វើជាដើរទៅសួរនាំជនសង្ស័យខាងលើ បណ្តាលឲ្យជនសង្ស័យនេះភ័យស្លន់ស្លោក៏ព្យាយាមជិះម៉ូតូរត់គេចខ្លួន តែក៏ត្រូវបានគាត់ស្រែកឆោឡោ និងចាប់ឃាត់យកខ្សែដៃរបស់ជនរងគ្រោះបានមកវិញ រួចក៏ទាក់ទងហៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍។

សម្ភារៈដកហូត ខ្សែរដៃ១ខ្សែ លោហធាតុ ពណ៌លឿង ទំងន់៩ជី និងម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-3721 ។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំយកទៅសាកសួរនាំនៅឯប៉ុស្តិ៍នគរបាលរដ្ឋទួលសង្កែទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រង់ចាំចាត់ការបន្តទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print