ភ្នំពេញ៖ បុរសជាកម្មករសំណងម្នាក់ បានស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ខណៈដែលគាត់សាម៉ូទ័រស្វានចេញអត់ដកខ្សែរភ្លើង មិនប្រយ័ត្នប៉ះជាមួយនិងដែក បណ្ដាលឲ្យឆ្លងចរន្តភ្លើងឆក់តែម្តង ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ ៣៥៦ ក្រុម៦ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង អ៊ួក ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរ ជាងសំណង់ និងមានប្រពន្ធឈ្មោះ អ៊ី សូណំ ស្នាក់នៅបច្ចុប្បន្នផ្ទះជួល ម្តុំសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ប្រភពដដែរបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានចូលធ្វើការដូចសព្វដង ពេលជិតចប់ម៉ោងធ្វើការ ជនរងគ្រោះ បានឆ្លៀតរៀបចំឧបករណ៍ ម៉ូទ័រស្វានបុកដីទុកតែដោយសារមិនបានដកខ្សែភ្លើងចេញ ហើយចុងម៉ូទ័រស្វាន បានប៉ះជាមួយនិងដែក ទើបបណ្ដាលឲ្យឆក់ជនរងគ្រោះដាំក្បាលចូលទៅក្នុងរណ្ដៅដីរងរបួសធ្ងន់ ។ ភ្លាមនោះ ជនរងគ្រោះត្រូវបានមិត្តភក្តិធ្វើការជាមួយនាំគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត តែពេលដល់ពេទ្យ បានប្រហែល១០នាទី ក៏ដាច់ខ្យល់ស្លាប់តែម្តង ។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើត ខេត្តកំពង់ចាម ៕ ស រស្មី
...