ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ ឆាយយ៉ាប្រ៊ុក ឌីឌីយ៉ាសារីន (CHAIYAPRUK DIDYASARIN) មេបញ្ជាការកងទ័ពជើងអាកាសភូមិន្ទថៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧត្ដមសេនីយ៍ ជាច្រើនរូបដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងនាយកទីចាត់ការមួយចំនួនចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងកិច្ចសំណេះសំណាលនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាអាទិ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលស្របទៅនឹងសេចក្ដីប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែនប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។
ក្នុងខណៈនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃដែលបានទទួលយកនាយទាហានកម្ពុជាចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ក៏ដូចជាការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ប្រភេទទ័ពផងដែ។
នៅទីបញ្ចប់នៃកិច្ចពិភាក្សានេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្នើឱ្យកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ បន្តរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន រួមមានឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសរុករកធនធានធម្មជាតិ និងអំពើភេរវកម្ម៕
ដោយ៖ សុខ ខេមរា