ភ្នំពេញ៖ អស់រយៈពេលជិត២ខែហើយដែលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានផ្អាក និងលុបចោលការឡើងច្រៀង និងបង្ហាញមុខក្នុងកម្មវិធីច្រៀងនានា ដើម្បីកាន់ទុក្ខប្អូនស្រីកញ្ញា ខេមរៈ សិរីមន្ត ដែលទទួលមរណភាពចាប់តាំងពីថ្ងៃទី២៥ខែមករាមក។ តារាចម្រៀងលំដាប់ជួរមុខនេះនឹងបន្តកាន់ទុក្ខសពប្អូនស្រីរហូតដល់ដលើមខែឧសភាឆ្នាំ២០១៩។
ក្រោយពីប្រកាសជូនដំណឹងនិងសុំការយោគយល់ដល់ផលិតកម្ម និងក្រុមហ៊ុនអំពីការពន្យាពេល និងលប់ចោលកម្មវិធីឡើងឆាកប្រមាណជាង៣ខែនោះ ធ្វើឲ្យតារាចម្រៀងរូបនេះខកខានក្នុងការរកលុយខ្ទង់សែនដុល្លារអាមេរិក។ ក្នុងការបញ្ជាក់ជាថ្មីតារាចម្រៀងរូបនេះលើកឡើងថាលោកនឹងចាប់ផ្តើមចូលច្រៀងជាថ្មីក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពោលគឺចាប់ពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៩ ព្រោះតែត្រូវបន្តកាន់ទុកប្អូនស្រីដែលបានធ្វើមរណភាពទៅ។ ការបញ្ជាក់នេះស្របពេលដែលលោកបានធ្វើដំណើរទៅហាត់ប្រាណពង្រឹងសុខភាពឲ្យបានប្រសើរឡើងវិញ។ លោកលើកឡើងថា “ទោះមានទុក្ខធំប៉ុណ្ណា រវល់ខ្លាំងប៉ុណ្ណា ក៏មិនត្រូវភ្លេចថែរក្សាសុខភាពខ្លួនឯងដែរព្រោះគ្រួសារយើងត្រូវការយើង”។
បើទោះបីជាមិនឡើងឆាកតន្ត្រីក៏ពិតមែន ប៉ុន្តែសកម្មភាពការងារសិល្បៈ ការចូលរួមសកម្មភាពសង្គម និងមុខជំនួញផ្ទាល់ខ្លួនតារាចម្រៀងរូបនេះបានចាប់ផ្តើមដំណើរការឡើងវិញជាប្រក្រតីហើយ បូករួមទាំងការចេញផ្សព្វផ្សាយផលិតផលទឹកអប់ Or Brand ដែលលោកបាននាំចូលផ្តាច់មុខមកលក់នៅកម្ពុជា ការចេញផ្សព្វផ្សាយលក់ដីឡូតិ៍នៅក្រុងតាខ្មៅ និងតំបន់ប៉ោយប៉ែត និងការលេចមុខក្នុងឈុតផ្សព្វផ្សាយក្នុងនាមជាគណកម្មការប្រកួតចម្រៀងលំដាប់ពិភពលោក X-Factor Cambodia ជាដើម៕ ដោយ វឌ្ឍនា