ភ្នំពេញ៖ ព្រហើនម្លេះលោកឈ្មួញហ៊ានដល់ថ្នាក់លោតឆ័ត្រដឹកគ្រឿងសមុទ្រមានសារធាតុគីមី ពីវៀតណាមជាង៧តោនកន្លះចូលកម្ពុជា ដើម្បីប្រយោជន៍ខ្លួនឯង មានចេតនាទុច្ចរិតសម្លាប់ ប្រជាជនខ្មែរជាអ្នកបរិភោគដោយលក្ខណះប្រយោល តែសំណាងត្រឹមមួយជ្រុងត្រូវជាប់សំណាញ់របស់សមត្ថកិច្ចតាមផ្លូវចាប់បាន ចុះរាល់ថ្ងៃរបូតពីសមត្ថកិច្ចក្នុង១ថ្ងៃប៉ុន្មានតោន..?
សមត្ថកិច្ចបានអោយដឹងថា៖ ខាងកម្លាំង នាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយ ជំនាញកាំកុងត្រូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានស្រាវជ្រាវឈានដល់ចេញបង្ក្រាបការនាំចូលបង្គា និងគ្រឿងសមុទ្រមានសារជាតិគីមីជាង ៧តោនកន្លះ នៅចំណុចគីឡូម៉ែត្រលេខ១៥ ផ្លូវជាតិលេខ៣ ខណៈកំពុងដឹកតាមរថយន្តបីគ្រឿងពីប្រទេសវៀតណាម ចូលមកចែកក្នុងរាជធានីភ្នំពេញ តាមរយៈភាពធូរលុងនៃសមត្ថកិច្ចមាត់ច្រកសមគំនិតទាញប្រយោជន៍ពីឈ្មួញទុច្ចរិត។
ករណីបង្ក្រាបនេះបានធ្វើឡើងតាមបទបញ្ជាដ៏មុឺងម៉ាត់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊េីបអង្កេតរបស់មន្ត្រីជំនាញ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា៖ ចំពោះបង្គា និងគ្រឿងសមុទ្រប្រើសារធាតុគីមីនេះ ដែលនាំចូលពីប្រទេសវៀតណាមដោយពុំមានច្បាប់អនុញ្ញាត គឺបានដឹកតាមរថយន្តចំនួន ៣គ្រឿង មានរថយន្តម៉ាក HYUNDIA ស្លាកលេខ 3A-0869 មួយគ្រឿង ម៉ាកសាំងយ៉ុងកែច្នៃ 2A-0342 មួយគ្រឿង និងម៉ាក HYUNDIA គ្មានស្លាកលេខ មួយគ្រឿង។
ជំនាញបានត្រួតពិនិត្យលើរថយន្តទាំងបីគ្រឿងនេះហើយ កម្លាំងសមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃេីញមានបង្គា (បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួនដោយគ្មានច្បាប់អនុញ្ញាតចំនួន ៣៧៦កេស ស្មើនឹងប្រមាណ ៧,៥២០គីឡូក្រាម។
ដោយយល់ឃើញថាមានហានិភ័យខ្ពស់ប៉ះពាល់សុខភាពប្រជាជនដែលជាអ្នកបរិភោគ វត្ថុតាងទាំងអស់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន (ដោយយកវត្ថុតាងមួយចំនួនទៅធ្វេីការពិសោធន៍រកសារធាតុហាមឃាត់) បន្ទាប់មកបានបញ្ជាឲ្យយកបង្គាដែលមានចាក់បញ្ចូលសារធាតុគីមីដូចបានរៀបរាប់ខាងលេី យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជេីងឯក នៅវេលាល្ងាចថ្ងៃដដែល។
ចំណែកអ្នកបេីកបររថយន្តចំនួន ៣នាក់ ត្រូវបាននាំខ្លួនមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដេីម្បីស្វែងរកម្ចាស់បន្តនីតិវិធីតាមផ្លូវច្បាប់។
ប្រជាជនមានជំនឿថា៖ តាមរយៈការធ្វើកំណត់ហេតុស្តាប់ចម្លើយអ្នកបើកបររថយន្តដឹក គ្រឿងសមុទ្រមានសារធាតុគីមីនេះ ពួកគាត់មានជំនឿថា មន្ត្រីនគរបាលយុត្តិធម៍ រកអោយឃើញពីអ្នកផ្តើមគំនិត ជាម្ចាស់ទំនិញ ហើយក៏មិនត្រូវបញ្ចប់ត្រឹមការមិនស្រាវជ្រាវដើម្បីរកមុខជនទុច្ចរិតជាឃាតករសម្លាប់ប្រជាជនខ្មែរជាលក្ខណះប្រយោលនេះឡើយ ព្រោះអាចដឹងពីច្រកនាំចូល និងមុខសញ្ញាសមត្ថកិច្ច ឈ្មួញ ដ៏មិនថ្លៃថ្នូនេះ៕
ដោយ៖ សុខ ខេមរា