សាល បាទី ពីក្មេងរត់តុចាប់ផ្តើមមានក្តីសង្ឃឹមក្នុងអាជីពចម្រៀង

ចែករំលែក៖

ភ្នំពេញ៖ ចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយតារាចម្រៀងលោក សាល បាទី បានលេចមុខមាត់បន្តិចម្តងៗតាមរយៈស្នាដៃសិល្បៈចម្រៀង។ តារាចម្រៀងរូបនេះកាន់តែមានក្តីសង្ឃឹមខ្ពស់ក្រោយពេលទទួលបានការងារថ្មីៗបន្តបន្ទាប់ចាប់ពីដើមឆ្នាំ២០១៩នេះមកម្ល៉េះ។

ផ្តើមជីវិតជាកូនប្រុសរស់នៅក្នុងគ្រួសារក្រីក្រលំបាក សាល បាទីបានធំដឹងក្តីជាមួយការងារជាច្រើនដើម្បីចិញ្ចឹមជីវិតដោយសុច្ចរិតទៀងត្រង់។ តារារូបនេះធ្លាប់ឆ្លងកាត់ជីវិតស៊ីឈ្នូលជាច្រើនពិសេសគឺជាអ្នករត់តុរកលុយចិញ្ចឹមទាំងម្តាយ និងបង់ថ្លៃផ្ទះជួលជាប្រចាំ។ សាល បាទីបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨ មកលោកចាប់ផ្តើមមានទីផ្សារការងារថ្មីៗមួយចំនួនដែលអាចឲ្យលោកដោះស្រាយការខ្វះមុខខ្វះក្រោយសម្រាប់គ្រួសារ និងសន្សំប្រាក់ខ្លះៗដើម្បីទុកសម្រាប់ថ្ងៃក្រោយ។

លោកថាតាមស្ថានីយទូរទស្សន៍មួយចំនួនបានផ្តល់ឱកាសឲ្យលោក ហើយលោកក៏បន្តទទួលបានការងារតាមឆាកតន្ត្រីនានាមួយចំនួនទាំងកម្មវិធីកម្សាន្តទូរទស្សន៍ និងតាមការប្រគំតន្ត្រីនៅតាមបណ្តាខេត្តផងដែរ។ តារាចម្រៀងស្រស់សង្ហារូបនេះនៅតែដាក់ក្តីសង្ឃឹមថានឹងសាងឈ្មោះកាន់តែល្បីល្បាញក្នុងពិភពសិល្បៈ បើទោះបីជាត្រូវឆ្លងកាត់ការលំបាកមួយចំនួនក៏ដោយ។

លោកថាទាំងបទចម្រៀងសម័យ និងមរតកដើម គឺលោកអាចច្រៀងបានទាំងអស់ ហើយក៏ធ្លាប់ទទួលបានការគាំទ្រលើកទឹកចិត្ត និងសរសើរពីសិល្បកររៀមច្បង និងទស្សនិកជនផងដែរ។ បច្ចុប្បន្នលោកគឺជាសមាជិកក្រុមចម្រៀងប្រចាំភោជនីយដ្ឋានីហ្វ្រេន ដែលបណ្តុំដោយសិល្បករវ័យក្មេងមានសមត្ថភាពជាច្រើនផងដែរ។

ស្របពេលដែលការងារសិល្បៈពោរពេញដោយការប្រកួតប្រជែងលោកនៅតែបន្តការខិតខំប្រឹងប្រែងបំពេញការងារ និងហ្វឹកហាត់ច្រៀងបទថ្មីចាស់ ឲ្យបានកាន់តែល្អ និងបង្កើនសមត្ថភាពឲ្យច្រៀងបានជាច្រើនទម្រង់បន្តទៀតផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print